ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងកិច្ចសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុនលើកទី៥ ស្ដីពី ខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង


នៅសណ្ឋាគារ Cambodiana នារសៀលថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនបានអញ្ជើញជាអធិបតីក្នុងកិច្ចសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុនលើកទី៥ ស្ដីពី “ខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង”។ ក្នុងពិធីនេះគេសង្កេតឃើញមានវត្តមានលោក KINOSHITA Hiroaki តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ឯកឧត្ដម លោកជំទាវ តំណាងអង្គការ JICA ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ វិស័យឯកជននៃប្រទេសទាំងពីរ អញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដម MIKAMI- Masahiro ឯកអគ្គរាជទូតជប៉ុន បានឡើងមានចំណាប់អារម្មណ៍ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលគួរជាទីមោទនរបស់រាជរដ្ឋាភិបាល ក៏ដូច ជាប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ថា វិស័យកសិកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ដូចដែលយើងបានឃើញយ៉ាងច្បាស់នាពេលបច្ចុប្បន្ន។ ជាការពិត ដើម្បីឲ្យវិស័យនេះមានការរីកចម្រើនបន្ថែមទៀត ចាំបាច់ត្រូវជម្រុញឲ្យបានសកម្ម និងមានប្រសិទ្ធភាពក្នុងការដោះស្រាយញ្ហាដែលកសិករកំពុងប្រឈម ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្ម តម្លៃបន្ថែម ជម្រុញការកែច្នៃ វេចខ្ចប់ គុណភាព និងអនាម័យ ឈានឆ្ពោះទៅធ្វើការប្រកួតប្រជែងដើម្បីនាំចេញ។ ឯកអគ្គរាជទូត សង្ឃឹមថាកិច្ចសន្ទនានេះ នឹងផលិតបានធាតុចូល សំខាន់ៗសម្រាប់ជាទុនគ្រឹះក្នុងការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង ហើយពិតណាស់សង្ឃឹមថាក្រុមហ៊ុនដែលចូលរួមនៅពេលនេះ នឹងចែករំលែកចំណេះ ជំនាញ បទពិសោធន៍ ធ្វើយ៉ាងណាឲ្យកិច្ចសន្ទនានេះដំណើរទៅដោយរលូន និងផលិតបានលទ្ធផលយ៉ាងល្អប្រសើរសម្រាប់ភាគីពាក់ព័ន្ធយកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងនេះ។ ចុងបញ្ចប់ ឯកអគ្គរាជទូតសូមជូនពរឲ្យមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស្ថិតស្ថេរតរៀងទៅ។

ជាបឋម ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីបានសម្ដែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្ដមឯកអគ្គរាជទូតជ សមាជិក សមាជិកានៃអង្គពិធីទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនានេះ និងបានថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ដែលបានផ្តួចផ្តើមគំនិតជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំកិច្ចសន្ទនាដ៏មានសារៈ សំខាន់នេះឡើង និងជាពិសេសថ្លែងអំណរចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេសសម្រាប់កសាង និងអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យឲ្យមានការរីកចម្រើនរៀងរហូតមក។

ឈានចូលដល់កម្មវិធីនារសៀលថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គពិធីជ្រាបថាកិច្ចសន្ទ នាទ្វេភាគីនេះ គឺជាឱកាសដ៏សំខាន់មួយសម្រាប់ក្រសួង និងវិស័យឯកជនពាក់ព័ន្ធនៃប្រទេសទាំងពីរបានមកជួបជុំគ្នាផ្លាស់ប្តូរចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងធាតុចូលផ្សេងៗដើម្បីស្វែងរកការរីកចម្រើនលើវិស័យខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង និងជាពិសេសដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងក្រុមហ៊ុន ក្រុមហ៊ុន និងដៃគូអភិវឌ្ឍ ក្រុមហ៊ុន និងសហគមន៍កសិកម្ម ស្របតាមអភិក្រម ” រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍” ឲ្យកាន់តែស៊ីជម្រៅ ពេញលេញ និងគ្រប់ជ្រុងជ្រោយ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចសន្ទនានេះប្រាកដជានឹងជួយពង្រឹងសមត្ថភាពវិស័យឯកជនកម្ពុជាលើការងារបច្ចេកទេសផ្នែកខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង ដើម្បីបង្កើនសក្តានុពលក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូបនីយកម្ម។ ភ្ជាប់ទៅនឹងការវិនិយោគរបស់វិស័យឯកជន ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថាបច្ចុប្បន្ននេះមានអ្នកវិនិយោគក្នុង និងក្រៅប្រទេស បាននិងកំពុងបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម មានជាអាទិ៏ ផ្នែកផលិតកម្មកសិកម្ម ការកែច្នៃកសិផល កសិ-ឧស្សាហកម្ម កសិ-ពាណិជ្ជកម្ម រួមទាំងការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្មផងដែរ ក្នុងនោះក៏មានក្រុមហ៊ុនជប៉ុនផងដែរ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួង ក៏ដូចជាកសិករកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីចង់ឃើញក្រុមហ៊ុនខ្នាតតូច និងមធ្យមរបស់ជប៉ុនមកបណ្តាក់ទុនវិនិយោគកាន់តែច្រើនថែមទៀត ដើម្បីពង្រីកឱកាសឲ្យដល់កសិករ ឬអ្នកផលិតនៅទីជនបទអាចទទួលបានការងារ រៀនសូត្រចំណេះ ជំនាញបន្ថែម ដើម្បីបង្កើនសមត្ថភាពឲ្យបានពេញលេញ និងសមស្របទៅតាមបរិបទនៃកំណើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបថា កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើង ៥លើករួចមកហើយ ហើយលើកទី៥ នេះកាន់តែមានអត្ថន័យ និងខ្លឹមសារជាចាំបាច់ស្របតាមនិន្នាការនៃការរីកចម្រើននៃវិស័យខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង ដែលក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់។ ដូច្នេះ លោកសង្ឃឹមថាវត្តមានរបស់សមាជិ សមាជិកា នាពេលនេះនឹងចូលរួមផ្ដល់មតិយោបល់ អនុសាសន៍ បទពិសោធន៍ល្អៗ ព្រមទាំងពិនិត្យ ពិភាក្សាឲ្យបានស៊ីជម្រៅបន្ថែមទៀតទៅលើខ្លឹមសារនៃប្រធានបទដូចមានចែងក្នុងរបៀបវារៈ និងត្រូវគិតគូររៀបចំចេញជាយន្តការដោះស្រាយបញ្ហាឲ្យមានប្រសិទ្ធភាព និងវិធានការនានាក្នុងន័យស្ថាបនា ស្មារតីយោគយល់ ដើម្បី ឲ្យដំណើរការអនុវត្តខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងនេះមានលក្ខណៈសង្គតិភាព ឆ្លើយតបទៅនឹងអត្ថប្រយោជន៍នៃប្រទេសទាំងពីរ។