សម្តេចតេជោសែន សន្យាបង្កើតសួនច្បារថ្មីហាត់ប្រាណ


Garden 18 01 16 2 copy

     សម្តេច​តេជោ​​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​សន្យា​បន្ត​បង្កើត​ការ​រៀប​ចំ​សួន​ច្បារ​ និង​ទី​កន្លែង​ហាត់​ប្រាណ​ថ្មី​ជា​ច្រើន​ទៀត ​ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​ ។ ប្រសាសន៍​របស់​សម្តេច​បាន​ធ្វើ​ក្នុង​គេហ​ទំព័រ​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​១៥​ មករា​នេះ ជាមួយ​នឹង​ប្រសាសន៍​លើក​ទឹក​ចិត្ត និង​ជំរុញ​ប្រជាពលរដ្ឋ ចូល​រួម​ហាត់​ប្រាណ ជា​ពិសេស​អ្នក​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ជរា​ ។

     សម្តេច​បាន​ថ្លែង​ថា​ ការ​មាន​អាហារ​ទទួល​ទាន​គ្រប់​គ្រាន់ គឺ​មិន​ប្រាកដ​ថា​មាន​សុខ​ភាព​ល្អ​ឡើយ​ ។ ការ​ហាត់​កីឡា​ជា​ប្រចាំ គឺ​ដើម្បី​សុខ​ភាព​ល្អ​។ សម្តេច​បាន​សន្យា​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​បង្កើត​រៀប​ចំ​សួន​ច្បារ និង​ទី​កន្លែង​ហាត់​កីឡា​អោយ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ប្រជា​ពលរដ្ឋ​មាន​សុខភាព​ល្អ​ទាំង​អស់​គ្នា​ ។

     យោង​តាម​ការ​ផ្សាយ​ប៊ីប៊ីស៊ី មនុស្ស​ដែល​មិន​ហាត់​ប្រាណ​នៅ​ស្រណុក​ស្រួល​មិន​ធ្វើ​អ្វី​សោះ គឺ​មាន​ចំនួន​ស្លាប់​ទ្វេដង​ជាង​អ្នក​ដែល​ធាត់​ដុះ​ពោះ​ ។ របាយ​ការណ៍​ស្រាវ​ជ្រាវ​ពី​សកល​វិទ្យាល័យ​ Cambridge ​នៃ​ប្រទេស​អង់គ្លេស បាន​អោយ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​ចំនួន​មនុស្ស​ស្លាប់​ដែល​មិន​ហាត់​ប្រាណ​និង​មិន​ធ្វើ​អ្វី​សោះ មាន​ចំនួន​ ៦​សែន ​៧ម៉ឺន​ ៦ពាន់​នាក់​ ក្នុង​មួយ​ឆ្នាំៗ​… បើ​ប្រៀប​ធៀប​នឹង​អ្នក​ស្លាប់​ដោយ​សារ​ធាត់​ និង​ឡើង​ទម្ងន់​មាន​ចំនួន​ប្រមាណ​ ៣​សែន ​៣​ម៉ឺន​៧​ពាន់​នាក់​ ។

     សេចក្តី​រាយ​ការណ៍​ បាន​ស្នើ​សូម​អោយ​មនុស្ស​ម្នាក់ៗ​ដើរ​យ៉ាង​ហោច​ ២០​នាទី ក្នុង​មួយ​ថ្ងៃៗ​ដើម្បី​ប្រយោជន៍​នៃ​សុខ​ភាព​។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា មាន​តែ​ការ​ហាត់​ប្រាណ​ទេ​ដែល​ជួយ​សុខ ភាព​មនុស្ស​ទោះ​មនុស្ស​នោះ​ឡើង​ទម្ងន់​ក៏​ដោយ ​។

Garden 18 01 16 3 copy