រដ្ឋបាលខេត្តស្វាយរៀង សំណូមពរ អង្គការ និងសមាគមមួយចំនួន កុំព្យាយាមប្រើរូបភាពអូសទាញចលនាមហាជន ក្នុងការចលនាទាមទារសិទ្ធិសេរីភាព លើការងារវិស័យដីធ្លី


(ស្វាយរៀង)៖ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលខេត្តស្វាយរៀង បានថ្លែងសំណូមពរថា អង្គការ និងសមាគមមួយចំនួន សូមកុំព្យាយាមប្រើរូបភាពអូសទាញចលនាមហាជន ក្នុងការចលនាទាមទារសិទ្ធិសេរីភាព ការងារលើវិស័យដីធ្លីជាដើម។

ការថ្លែងបែបនេះនៅក្នុងឱកាសដែលឯកឧត្តម តូច ប៉ូលីវ៉ា តំណាងលោកអភិបាលខេត្តអញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល (លើកទី២) ក្រោមប្រធានបទ «ពង្រឹងកិច្ចសហការ រវាងរដ្ឋបាលខេត្ត និងសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ ដែលកំពុងប្រតិបត្តិការក្នុងខេត្តស្វាយរៀង» នៅថ្ងៃទ១៨ ខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្តម តូច ប៉ូលីវ៉ា បានបន្តទៀតថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា បន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តស្វាយរៀង ក្នុងការលើកកម្ពស់លិទ្ឋិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានភាពរីកចម្រើន និងរុងរឿង ជាពិសេសសូមបន្តចូលរួម និងគាំទ្រគម្រោងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និងគម្រោងវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់។

ឯកឧត្តមបានបន្តថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សារណៈ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និង លក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងអនុស្សារណៈរបស់ខ្លួន ដែលបានតម្កល់ទុកនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមបានបន្ថែមថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តស្វាយរៀង សូមជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលខេត្ត អំពីការធ្វើវិសោធនកម្មលក្ខន្តិកៈ ឬការផ្លាស់ប្តូរទីស្នាក់ការ ឬការផ្លាស់ប្តូរតំណែងប្រធាន ឬតំណែងនាយកប្រតិបត្តិ តំណាង ឬតំណាងប្រចាំប្រទេស ឬផ្អាកការធ្វើសកម្មភាពមករដ្ឋបាលខេត្ត និងសូមធ្វើរបាយការណ៍ជូនរដ្ឋបាលខេត្ត ក្រោយបញ្ចប់សកម្មភាពរបស់ខ្លួន ឬរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស និងឆ្នាំមករដ្ឋបាខេត្ត ដើម្បីរដ្ឋបាលខេត្តធ្វើការពិនិត្យតាមដានអំពីសកម្មភាព និងលទ្ធផលសម្រេចបាន ក៏ដូចជាបញ្ហាប្រឈមនានា និងមានមូលដ្ឋានក្នុងការធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ។

បើតាមឯកឧត្តម តូច ប៉ូលីវ៉ា មិនតែប៉ុណ្ណោះអង្គការ និងសមាគម ទាំងអស់ធ្វើកិច្ចសហការមានភាពស្មោះត្រង់ ក្នុងភាពជាដៃគូក្នុងការពង្រឹងសាមគ្គីភាពឱ្យស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយអង្គការ និងសមាគម ដែលធ្វើសកម្មភាពនៅតាមទីសាធារណៈ ដាច់ខាតត្រូវជូនដំណឹងមករដ្ឋបាលខេត្ត ជៀសវាងមានភាពមិនប្រក្រតី កើតឡើងណាមួយអាចប្រឈម និងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី៕