ក្រសួងទេសចរណ៍ សម្រេចការរៀបចំឱ្យមានវិថីលក់ម្ហូបអាហារយ៉ាងអធិកអធមនាមុននិងស្របពេលបុណ្យសមុទ្រ នៅខេត្តកំពត


(កំពត)៖ ក្រោយកិច្ចសហការខិតខំរៀបចំឱ្យមាន «វិថីលក់ម្ហូបអាហារ ឬហៅថា Food Street» តាំងដើមទីរួចមក នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍ បានបើកសម្ពោធវិថីលក់ម្ហូបអាហារនេះលើកដំបូង ក្រោមវត្តមាន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ព្រមជាមួយមន្ត្រីរាជការ អាជីវករ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងអធិកអធម ដែលស្ថិតនៅតាមបណ្ដោយសួន ក្បែរផ្សារក្រណាត់។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា វិថីលក់ម្ហូបអាហារ ឬ Food Street នេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍ ក៏ដូចជាដល់សេដ្ឋកិច្ចមូលដ្ឋាន ក្នុងនោះភ្ញៀវទេសចរទាំងអស់អាចពិសាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ចម្អិនថ្មីៗក្តៅៗស្រស់ៗ និងមានអនាម័យ។ ក្រៅពីនេះ ភ្ញៀវទេសចរក៏អាចទស្សនាពីរបៀប ឬសិល្បៈនៃការចម្អិនអាហារ ការតុបតែងម្ហូបអាហារ ការបម្រើសេវាកម្ម និងរបៀបបរិភោគ។

ឯកឧត្តមបានដាក់ចេញនូវអនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍវិថីលក់ម្ហូបអាហារខេត្តកំពតឱ្យកាន់តែឈានទៅមុខបន្ថែមទៀត ឆ្លើយតបនឹងតម្រូវការ និងនិន្នាការរបស់ទេសចរ ក្នុងនោះរួមមាន៖

* ទី១៖ ស្នើបន្តយកចិត្តទុកដាក់ជាចម្បងលើការងាររក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីទាក់ទាញភ្ញៀវទេសចរចំណាយពេលយូរក្នុងការភ្លក្សម្ហូបអាហារ។

* ទី២៖ ស្នើបន្តគិតគូរបន្ថែមលើការបំពាក់នូវធុងសំរាម និងបង្គន់អនាម័យឱ្យបានគ្រប់គ្រាន់ ពិសេសត្រូវស្អាតជាប្រចាំ។

* ទី៣៖ ស្នើអាជីវករទាំងអស់គ្នាបន្តខិតខំពង្រឹងជំនាញរបស់ខ្លួន ទាំងជំនាញចម្អិនម្ហូបអាហារ ការរចនា ការកែច្នៃលើគ្រឿងផ្សំ និងជំនាញបដិសណ្ឋារកិច្ច។ ជាក់ស្តែង នាពេលនេះ ក្រុមការងារផ្សព្វផ្សាយរបស់មន្ទីរទេសចរណ៍ខេត្តកំពត បានសម្រេចការច្នៃប្រឌិតរៀបចំបាននូវមុខម្ហូបថ្មីចំនួន ២មុខ នោះគឺញាំសារាយម្រេចកំពត និងសម្លការីត្នោតរសជាតិទុរេន។ លោកក៏បានស្នើដល់អាជីវករទាំងអស់គ្នាយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពចំណីអាហារផងដែរ។

* ទី៤៖ ស្នើបន្តយកចិត្តទុកដាក់ចូលរួមផ្សព្វផ្សាយប្រភេទមុខម្ហូបខ្មែរ ដោយត្រូវមានសរសេរបង្ហាញពីគ្រឿងផ្សំ ប្រភពគ្រឿងផ្សំ អត្ថប្រយោជន៍របស់គ្រឿងផ្សំ ឬលក្ខណៈពិសេសរបស់វា ការបរិយាយអំពីរបៀបចម្អិនជាដើម។

* ទី៥៖ ស្នើយកចិត្តទុកដាក់លើការចូលរួមប្រើប្រាស់ប្រភេទផលិតផល ដែលមិនប៉ះពាល់បរិស្ថាន ឬប៉ះពាល់តិចតួច។ កំណត់គោលដៅឈានឆ្ពោះទៅបញ្ចប់ការប្រើប្រាស់ប្លាស្ទិកទាំងស្រុងនៅតាមវិថីលក់ម្ហូបអាហារ ដោយជំនួសដោយថង់ក្រដាស កែវក្រដាស ប្រអប់ក្រដាស បំពង់បឺតឫស្សីវិញ។

* ទី៦៖ ស្នើគណៈកម្មការគ្រប់គ្រងគិតគូរអំពីយន្តការផ្សព្វផ្សាយ និងការបង្ករលក្ខណៈផ្សេងៗ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ភ្ញៀវទេសចរ ដូចជា ការបង្កើតព្រឹត្តិការណ៍ទាក់ទាញ (តន្ត្រី សិល្បៈ) យុទ្ធនាការផ្សព្វផ្សាយជាវសេវាកម្មជាកញ្ចប់ (ជាវអាហារ ថែមបង្អែម ឬជាវ៥ថែម១) ផ្តល់កូប៉ុងពិសាអាហារ (ជាវផលិតផលកន្លែងផ្សេងរួចបានកូប៉ុងពិសាអាហារក្នុងតម្លៃណាមួយនៅវិថីម្ហូបអាហារ) ឬអាចភ្ជាប់នឹងយុទ្ធនាការអនាម័យបរិស្ថាន (យកសំបកកំប៉ុង ឬថង់ដូរយកកូប៉ុងពិសារអាហារនៅវិថីម្ហូបអាហារ) និងស្នើរៀបចំឱ្យមានការផ្សព្វផ្សាយតាមឌីជីថលបន្ថែម ដូចជា បណ្តាញសង្គម ឬ Application ក្នុងទូរស័ព្ទដៃទំនើប។

ដើម្បីបញ្ជាក់ជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពត និងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្តកំពត លោករដ្ឋមន្ត្រី ថោង ខុន បានប្រគល់ជូននូវវិញ្ញាបនបត្របញ្ជាក់អំពីវិថីលក់ម្ហូបអាហារខេត្តកំពត ជូន និងអភិ បាលខេត្តកំពត លោក ជាវ តាយ ថែមទៀតផង៕