ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីទីក្រុងស្អាត


ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីទីក្រុងស្អាត បានប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ៧រោច ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន រវាងឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន និងលោកស្រី ជា សុផល្លា សហស្ថាបនិកគម្រោង ភ្នំពេញស្អាត (PHNOM PENH SA-AT COMMITTEE) ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងពិធីខាងលើឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងថា ស្ថានភាពសំរាមនៅក្នុងទីក្រុងភ្នំពេញ គឺជាបញ្ហាចោទមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាកសំណល់ពីគេហដ្ឋាន សាលារៀន ភោជនីយដ្ឋាន មន្ទីរពេទ្យ ជាពិសេសតាមទីផ្សារ បានបង្កជាគុណវិបត្តិមួយចំនួន ដែលជះឥទ្ធិពលអាក្រក់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្ថែមថា ក្រោមទិសស្លោក “ សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ ” យុទ្ធនាការភ្នំពេញស្អាតបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលុបបំបាត់នូវរូបភាពអវិជ្ជមានទាំងអស់នេះ តាមរយៈការអប់រំណែនាំដោយចំហក្ដី ដោយផ្ទាល់ក្ដី ដល់ប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញ ឱ្យមានសីលធម៌ សុជីវធម៌ បោះចោលសំរាមក្នុងធុងសំរាម មិនពង្រាយកាកសំណល់ផ្ដេសផ្ដាស នាំឱ្យសង្គមបាត់បង់សណ្ដាប់ធ្នាប់ និងមានសំរាមពាសវាលពាសកាល។

ឯកឧត្តម បន្តទៀតថា អ្វីដែលប្លែកជាងឆ្នាំមុនៗនោះ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រុមយុវជនស្អាតរបស់យុទ្ធនាការភ្នំពេញស្អាត បានសាមគ្គីគ្នាដើរចងប៉េងប៉ោងតាមធុង សំរាមនីមួយៗ ដើម្បីជាកំណត់សម្គាល់មួយថា ទីណាមានប៉េងប៉ោង ទីនោះមានធុងសំរាម។ គំនិតនេះហើយ គឺជាកត្តាមួយចូលរួមក្នុងការកាត់បន្ថយសំរាមលើដី និងដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋ ដែលមក

ទស្សនាពិធីបុណ្យអុំទូកនេះ ចេះកែប្រែទម្លាប់អាក្រក់ចោលសំរាមលើដងផ្លូវ ងាកមកមានការទុកដាក់សំរាមបានត្រឹមត្រូវ និងបានធ្វើឱ្យមានការគិតគូរយ៉ាងខ្លាំងពីកិត្យានុភាពជាតិ។

អនុស្សរណៈយោគយល់គ្នា រវាងក្រសួងបរិស្ថាន និងគម្រោងភ្នំពេញស្អាត មានរយៈពេលអនុវត្តន៍គម្រោង រយៈពេល ៣ឆ្នាំ ដោយក្រសួងបរិស្ថានបានចូលរួម និងគាំទ្រគម្រោងកម្មវិធី តាមរយៈមូលនិធិបរិស្ថាន និងសង្គម ក្នុង១ឆ្នាំថវិកាចំនួន ១០.០០០ដុល្លារអាម៉េរិក (មួយម៉ីនដុល្លារអាម៉េរិក)។ គម្រោងភ្នំពេញស្អាត រួមមានកម្មវិធីជាច្រើន សម្រាប់ឱ្យស្ថាប័ននានានិងប្រជាពលរដ្ឋចូលរួមបង្ហាញ និងផ្សព្វផ្សាយបន្តនូវទងើ្វល្អៗ ដើម្បីផ្លាស់ប្តូរនូវគោលគំនិត ទម្លាប់ និងឥរិយាបថ ក្នុងការគ្រប់គ្រងសំរាម និងថែរក្សាបរិស្ថានស្អាត ៕