ឯកឧត្តម អ៉ិត សំហេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើលក្ខខណ្ឌការងារផ្សារភ្ជាប់ពាណិជ្ជកម្ម និងវឌ្ឍនភាពសម្រេចបានមួយចំនួន


សល់មិនដល់ប៉ុន្មានថ្ងៃទៀតទេ ឆ្នាំ២០១៩ បានរំកិលផុត ឈានចូលឆ្នាំថ្មី២០២០ ជាមួយនឹងការខិតខំប្រឹងប្រែងបំពេញកិច្ចការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការទាំងមូល នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងន័យនេះ ដើម្បីតាមដានត្រួតពិនិត្យមើលនូវវឌ្ឍនភាពមួយចំនួនដែលក្រសួងសម្រេចបាន ក៏ដូចជាការលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការអភិវឌ្ឍន៍វិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា និងលើលក្ខខណ្ឌការងារផ្សារភ្ជាប់ពាណិជ្ជកម្មផងដែរនោះ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ កិច្ចប្រជុំមួយបានរៀបចំធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ នៅទីស្តីការក្រសួងការងារ។ កិច្ចប្រជុំនេះក៏សំដៅត្រៀមសម្រាប់រៀបចំសន្និបាតបូកសរុបការងារក្រសួងឆ្នំា២០១៩ និងដាក់ចេញនូវទិសដៅសម្រាប់ឆ្នាំ២០២០ផងដែរ។

បន្ទាប់ពីបានពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមនៅក្នុងវិស័យការងារ និងវិស័យពាណិជ្ជកម្ម ជាពិសេសពាណិជ្ជកម្មក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងស្បែកជើង លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលក្រសួងខិតខំសម្រេចបាននាពេលកន្លងមក ហើយក៏បានផ្តល់នូវអនុសាសន៍ឱ្យថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន នាយកដ្ឋានជំនាញទាំងអស់ខិតខំសម្រេចឱ្យបានបន្ថែមទៀតនូវគោលដៅទាំងឡាយ ដែលបានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ ២០១៩-២០២៣ ក្រោមពាក្យស្លោក «សហគ្រាសគ្រឹះស្ថានមួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិត ដែលពោរពេញដោយសមត្ថភាព ផលិតភាព ឥរិយាបថការងារ និងមនសិការវិជ្ជាជីវៈខ្ពស់» ដែលផ្តោតលើអាទិភាពចំនួន៥ គឺ៖ ១. ការអភិវឌ្ឍលក្ខខណ្ឌការងារនិងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ២. ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ៣. ការអភិវឌ្ឍមុខរបរនិងការងារ ៤. ការអភិវឌ្ឍរបបសន្តិសុខសង្គម និង ៥. ការពង្រឹងអភិបាលកិច្ចល្អ។

ថ្នាក់ដឹកនាំដែលបានបែកចែកឱ្យទទួលបន្ទុកតាមអាទិភាពនីមួយៗ នឹងរៀបចំសកម្មភាពលំអិតទៅតាមមុខសញ្ញារៀងៗខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពឱ្យកាន់តែឆ្លើយតបបានទាន់ពេលវេលាទៅតាមតម្រូវការការវិវត្តន៍សេដ្ឋកិច្ច និងសង្គមនាពេលបច្ចុប្បន្ននិងទៅអនាគត ដើម្បីធានាថាទោះក្នុងស្ថានភាពណាក៏ដោយកម្មករនិយោជិត នៅតែទទួលបានការងារធ្វើប្រកបលក្ខខណ្ឌការងារល្អប្រសើរ ទទួលបានប្រាក់ឈ្នួលអប្បបរមាសមរម្យ ការការពារសិទ្ធិសេរីភាព និងទទួលបានកិច្ចគាំពារសង្គម៕