ស៊ីនទ្រី មានសិទ្ធិបន្តប្រមូលសំរាមបណ្តោះអាសន្ន ប៉ុន្តែមិនមានសិទ្ធិប្រមូលថ្លៃសេវាសំរាមនោះទេ


(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ខាងមុខនេះទៅ ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ត្រូវទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីបង្កភាពងាយស្រួលក្នុងការបង់ថ្លៃប្រើប្រាស់សេវាឱ្យបានគ្រប់ទីកន្លែង ។

យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ខែធ្នូ បានឲ្យដឹងថា រដ្ឋបាលរាជធានីបានផ្លាស់ប្តូរ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល ដើម្បីធ្វើទំនើបកម្មសេវាសាធារណៈ និងសម្រួលដល់ការបង់ថ្លៃប្រើប្រាស់សេវាឱ្យបានគ្រប់ទីកន្លែង។

ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញបាន សម្រេចផ្អាកការចេញ និងចែកវិក្កយបត្រប្រមូលថ្លៃសេវាសំរាម និងសំណល់រឹងជា ក្រដាស ដូចដែលធ្លាប់ភ្ជាប់ជាមួយវិក្កយបត្រអគ្គិសនី ហើយនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង់ទូទាត់តាមមធ្យោបាយ អេឡិចត្រូនិកជំនួសវិញចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ។ អតិថិជនត្រូវបង់ថ្លៃសេវាប្រចាំខែចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ នៃខែបន្ទាប់តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ជរទូទាត់នៅធនាគារ ACLEDA ឬ E MONEY, Lyhour Weiluy, Pi Pay, True Money និង Dara Pay រហូតដល់ពេលបង្កើតបាននិងដាក់ឱ្យដំណើរការពេញលេញនូវ ប្រព័ន្ធគ្រប់គ្រងសំរាមនិងសំណល់រឹងថ្មី ក្នុងពេលឆាប់ៗខាងមុខ ។

រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិ បន្តប្រតិបត្តិការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមនិងសំណល់រឹង ជាបណ្តោះអាសន្នសិន ប៉ុន្តែមិនមានសិទ្ធិក្នុងការប្រមូលថ្លៃ សេវាសម្អាតប្រមូលនិងដឹកជញ្ជូនសំរាម និងសំណល់រឹង តទៅទៀតទេ។

រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ចំពោះអតិថិជនដែលធ្លាប់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ក្នុងវិក្កយបត្រ អគ្គិសនី ត្រូវបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយផ្អែកតាមថ្លៃសេវាដែលបានបង់កាលពីខែតុលា ឆ្នាំ២០១៩ ដោយគ្រាន់តែវាយបញ្ចូល លេខសំគាល់អតិថិជន (ID) ដែលមាននៅក្នុងវិក្កយបត្រអគ្គិសនី។

ចំពោះអ្នកដែលធ្លាប់បង់ថ្លៃសេវាដោយផ្ទាល់ជូនក្រុមហ៊ុនស៊ីនទ្រី គឺមិនត្រូវបន្តបង់ថ្លៃសេវា ជូនក្រុមហ៊ុនស៊ុនទ្រីតទៅទៀតទេ ប៉ុន្តែត្រូវបង្វែរការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង មករដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញវិញ តាមប្រព័ន្ធអេឡិចត្រូនិច ឬ ធនាគារ ដូចបានជម្រាបជូនខាងលើ ដោយផ្អែកតាមថ្លៃសេវាដែលបានបង់ឱ្យ ក្រុមហ៊ុនស៊ីនទ្រីដូចមាននៅក្នុងវិក្កយបត្រចុងក្រោយ ដោយបង្ហាញឯកសារបង់ប្រាក់នៅបញ្ជរបង់ប្រាក់របស់ធនាគារ ឬ ភ្នាក់ងារទូទាត់ផ្សេងៗទៀត។

ចំពោះអ្នកដែលមិនធ្លាប់បង់ថ្លៃសេវា ត្រូវយក លេខសំគាល់អតិថិជន (ID) របស់ខ្លួននៅក្នុងវិក្កយបត្រអគ្គីសនី មកបង់តាម ប្រព័ន្ធអេឡិចត្រូនិច ឬ ធនាគារ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ សូមរក្សាស្ថានភាពចំពោះតម្លៃសេវាបច្ចុប្បន្នជា បណ្តោះអាសន្នសិន និងសូម ប្រជាពលរដ្ឋប្រើប្រាស់អត្រាតម្លៃ សេវាប្រមូលសំរាម និងសំណល់រឹងដែលបានបង់រួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ជាមូលដ្ឋាន ដើម្បីបន្តបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ក្នុងអំឡុងពេលអន្តរកាលនេះ៕