អភិបាលខេត្តកំពង់ចាម អនុញ្ញាតអោយគណៈប្រតិភូទីក្រុងណាំយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


គណៈប្រតិភូទីក្រុងណាំយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញការសម្ដែងការគួរសម នឹងជួបពិភាក្សាការងារ ជាមួយឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2019 ។

គោលបំណងរបស់គណៈប្រតិភូទីក្រុងណាមយ៉ាងជូនៃសាធារណរដ្ឋកូរ៉េ នាពេលនេះគឺដើម្បីផ្សារភ្ជាប់ចំណងមិត្តភាពរវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងទីក្រុងណាមយ៉ាងជូនៃសាធារណរដ្ឋកូរ៉េ ។ បន្ថែមលើនៅការផ្សារភ្ជាប់ចំណងមិត្តភាពរវាងខេត្តទាំងពីរ ទីក្រុងណាមយ៉ាងជូក៏មានគោលបំណងដើម្បីអញ្ជើញគណៈប្រតិភូខេត្តកំពង់ចាមទៅចូលរួមទស្សនកិច្ចនៅទីក្រុងរបស់ខ្លួននាពេលខាងមុខផងដែរ ។ព្រមទាំងពិភាក្សាទៅលើការងារអភិវឌ្ឍន៍ក្នុងទីក្រុងខេត្តកំពង់ចាមដើម្បីឱ្យខេត្តកំពង់ចាមមានការរីកចម្រើនទៅមុខជាលំដាប់។

មានប្រសាសន៍ឆ្លើយតបទៅនិងគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េផងដែរ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថាខេត្តកំពង់ចាមគឺជាខេត្តដែលកំពុងផ្អែកទៅលើវិស័យកសិកម្ម ដូចមានដំណាំរួមផ្សំជាច្រើន រួមមានកៅស៊ូ ម្រេច ពោតសណ្ដែក និងដំណាំជាច្រើនមុខទៀត ។តម្លៃដំណាំស្រូវគឺជាផ្នែកមួយដ៏សំខាន់សម្រាប់បងប្អូនប្រជាកសិករក្នុងខេត្តកំពង់ចាមផងដែរ។

ឯកឧត្តមបានស្នើទៅដល់គណៈប្រតិភូនៃទីក្រុងណាមយ៉ាងជូ សូមជួយផ្សព្វផ្សាយដល់អ្នកវិនិយោគិនដែលមានគោលបំណងចង់វិនិយោគក្នុងទឹកដីខេត្តកំពង់ចាមឯកឧត្តមរីករាយនឹងទទួលយក។