សន្និបាតគណៈចលនាមហាជន៖ រយៈពេលនៃការចាប់បដិសន្ធិ គណ:ចលនាមហាជន បានខិតខំយ៉ាងសស្រាក់សស្រាំដើម្បីជំរុញឲ្យមានការចូលរួម កាន់តែទូលំទូលាយ តាមរយៈចលនាពង្រឹងសមត្ថភាព  បង្កើនសកម្មភាព និងទំនួលខុសត្រូវ


សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ លើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៊ិត សំហេង បានមានប្រសាសន៍ថា៖ ក្នុងរយ:ពេលប្រមាណជាង ៤ឆ្នាំ  បន្ទាប់ពីបានចាប់បដិសន្ធិ  គណ:ចលនាមហាជន  ដែលជាស្ថាប័នជំនួយការគណ:កម្មាធិការកណ្តាលគណបក្សលើការងារដឹកនាំ  ណែនាំ  តម្រង់ទិស  និងសម្របសម្រួលការងារចលនាមហាជននៅគ្រប់ស្រទាប់  បានខិតខំយ៉ាងសស្រាក់សស្រាំដើម្បីជំរុញឲ្យមានការចូលរួម កាន់តែទូលំទូលាយ តាមរយៈចលនាពង្រឹងសមត្ថភាព  បង្កើនសកម្មភាព  និងទំនួលខុសត្រូវ ដើម្បីឲ្យសមាជិកយើង មានលទ្ធភាពខ្ពស់ក្នុងការសម្របខ្លួនទៅនឹងដំណើរវិវត្តន៍ឥតឈប់ឈរនៃនយោបាយ  សេដ្ឋកិច្ច  និងសង្គមកម្ពុជា  ដែលឆ្លុះបញ្ចាំងតាមការសម្រេចបាននូវកំណើនសេដ្ឋកិច្ច  និងវឌ្ឍនភាពសង្គមជាបន្តបន្ទាប់។

សូមបញ្ជាក់ផងដែរថា អង្គសន្និបាតបានចាប់ផ្តើមដំណើរការ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:ប្រចាំការនៃគណ:អចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ និងដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈ ចលនា មហាជន សមាជិក សមាជិកាជនបង្គោលគណៈចលនាមហាជន តាមបណ្តាក្រសួង- ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-សុ្រក ខណ្ឌទូទាំងប្រទេស រួមជាមួយនឹងភ្ញៀវកិត្តិយសសរុបប្រមាណ ២៧០០នាក់។

បន្ទាប់ពីពិធីបើកបានចាប់ផ្តើមដំណើរការរួចមក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន ក៏បានបន្តដឹកនាំអង្គពិធី ដើម្បីពិភាក្សាបន្ត។

សូមជម្រាបជូនផងដែរថា ពិធីបិទនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕