កីឡាប៉េតង់កម្ពុជា នឹង​ស្ពាយ​មេដាយ​ជើងឯក​អាស៊ី ៦គ្រឿង មក​ដល់​មាតុភូមិ​រសៀលនេះ


(ភ្នំពេញ)៖​ ក្រោយបញ្ចប់ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ី លើកទី៣ នៅវៀតណាម ដោយជោគជ័យ ក្រុមប្រតិភូ និងអត្តពលិកកីឡាប៉េតង់កម្ពុជា នឹងត្រឡប់មកមាតុភូមិខ្លួនវិញ នារសៀលថ្ងៃច័ន្ទនេះហើយ ដោយនាំមកជាមួយនូវមេដាយ ៦គ្រឿងទៀតផង រួមមានមេដាយមាស ៤, ប្រាក់ ១ និងសំរឹទ្ធ ១។

សម្រាប់ព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះ បានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២២ ខែធ្នូម្សិលមិញ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងនោះកម្ពុជា ក៏បានបញ្ជូនប្រតិភូ ក្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ១៨រូបទៅចូលរួមប្រកួតផងដែរ ។ ជាលទ្ធផលក្រុមអត្តពលិកកម្ពុជា បានគ្រងចំណាត់ថ្នាក់លេខ១ ក្រោយដណ្ដើមបានមេដាយច្រើនជាងគេក្នុងព្រឹត្តិការណ៍នេះ។

ចំពោះមេដាយមាស ៤គ្រឿងរបស់ក្រុមកីឡាប៉េតង់កម្ពុជា ដណ្ដើមបានលើវិញ្ញាសាវាយយកពិន្ទុបុរស និងនារី រួមមានកីឡាករ សុខ ចាន់មាន និងម្ចាស់មេដាយមាសពិភពលោក ៤សម័យ អ្នកស្រី កែ ឡេង។ ឯ ២គ្រឿងទៀត ដណ្ដើមបានមេដាយក្រុមបុរស និងក្រុមយុវជន ដែលបានយកឈ្នះក្រុមថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់ដូចគ្នា។

គួរបញ្ជាក់ថា តាមគម្រោងសម្រាប់ដំណើរមាតុភូមិនិវត្តន៍របស់ក្រុមអត្តពលិកកីឡាប៉េតង់កម្ពុជា នារសៀលនេះ ក៏នឹងទទួលបានការស្វាគមន៍ពីមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕