ពលរដ្ឋសហគមន៍ទន្លេសាបខណ្ឌឫស្សីកែវ ទទួលបានប័ណ្ណសមធម៌ និងបន្តសុពលភាពអ្នកដែលមានស្រាប់ ដើម្បីទទួលថវិកាថែទាំសុខភាពរបស់សម្ដេចតេជោ ហ៊ុន សែន


ប្រជាពលរដ្ឋក្រីក្រមួយចំនួន រស់នៅសហគមន៍ទន្លេសាប សង្កាត់គីឡូម៉ែត្រលេខ៦ ទទួលបានការសំណេះសំណាលសួរសុខទុក្ខ ក្នុងការផ្ដល់ប័ណ្ណសមធម៌ និងការបន្តសុពលភាពប័ណ្ណសមធម៌ ឬប័ណ្ណជនក្រីក្រ សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ ពិសេសការផ្ដល់សេវាថែទាំសុខភាព និងឧបត្ថម្ភថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។

ការយកចិត្តទុកដាក់ចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រខាងលើនេះ ដឹកនាំដោយលោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ និងមានការរួមដំណើរពីលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងសមាជិកក្រុមប្រឹក្សាខណ្ឌ អាជ្ញាធរសង្កាត់គីឡូម៉ែត្រលេខ៦ និងបណ្ដាញសមាគមនារីសង្កាត់-ភូមិផងដែរ តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រៅពីផ្ដល់ប័ណ្ណសមធម៌ ជូនប្រជាពលរដ្ឋក្រីក្រមួយចំនួន (ស្ត្រីមានផ្ទៃពោះ ស្រ្តីចាស់ជរាមានជំងឺ ស្ត្រីជានិវត្តន៍ជន និងបុគ្គលិកអនាម័យស៉ិន ទ្រី) រស់នៅសហគមន៍ទន្លេសាប សង្កាត់គីឡូម៉ែត្រលេខ៦ ដើម្បីរួមចំណែកកាត់បន្ថយលើការចំណាយផ្នែកសេវាសុខភាព, ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី រូបនេះ បានរៀបចំជូនប្រជាពលរដ្ឋក្រីក្រមួយចំនួនទៀត ក្នុងការបន្តសុពលភាព ប័ណ្ណសមធម៌ ឬប័ណ្ណជនក្រីក្រ សម្រាប់ទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ ពិសេសការផ្ដល់សេវាថែទាំសុខភាព និងឧបត្ថម្ភថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕