នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង និងអភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំង និងប្រជុំបែងចែកភារកិច្ច រៀបចំសម្ពោធផ្សារគំរូព្រំដែនកម្ពុជា ក្រោមអធិបតីនាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម នៅថ្ងៃស្អែក


(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំពាក់ព័ន្ធនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះពិនិត្យរៀបចំពិធីសម្ពោធប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ស្ថិតក្នុងភូមិដារកណ្តោក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង បានឲ្យដឹងថា បើតាមការគ្រោងទុកពិធីសម្ពោធ ប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា ផ្សារដារនេះ នឹងត្រូវប្រារព្ធធ្វើឡើងនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀនសួនហ្វ៊ុក នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ដូច្នេះពាក់ព័ន្ធការងាររៀបចំពិធីការ និងសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ ក្នុងអង្គពិធីទាំងមូលត្រូវត្រៀមលក្ខណៈទទួលភ្ញៀវកិត្តិយសជាតិអន្តរជាតិ និងប្រជាពលរដ្ឋចំនួនប្រមាណ ៨ពាន់នាក់។

ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងនោះដែរ ក៏មានកិច្ចប្រជុំពិភាក្សាពីផែនការបែងចែកភារកិច្ចលំអិត នៃការទទួលខុសត្រូវក្នុងដំណើរការ ពិធីសម្ពោធពីសំណាក់គណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្តព្រមទាំងផ្នែកពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យការប្រព្រឹត្តទៅធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំក៏ដូចជាអង្គពិធីទាំងមូលប្រកបដោយភាពរលូន និងជោគជ័យ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា ផ្សារដារនេះនឹងបម្រើអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញរបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកដោះស្រាយ បញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែងតែរាំងស្ទះដល់ការធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជា និងវៀតណាម។

គួររំលឹកថា ផ្សារដារនេះ ត្រូវបានអនុម័តលើកដំបូងកាលពីឆ្នាំ២០១៣ ហើយត្រូវបានបន្តអនុវត្តឡើងវិញនៅឆ្នាំ២០១៦ នៅលើផ្ទែដី ១៩,៦២៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសត្បូងឃ្មុំ ជាមួយទុនវិនិយោគសរុបចំនួន ៤៤,៧៦១,៤១១,០០០ វៀតណាមដុង ឬប្រមាណជិត ២លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម៕