ឯកឧត្ដម ងី ចន្រ្ទផល បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តក្រចេះ


ឯកឧត្ដម ងី ចន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តក្រចេះ កាលពីព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៩ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះ ឯកឧត្ដម លោកជំទាវ និងថ្នាក់ដឹកនាំមន្ត្រីរាជការតាមមន្ទីរអង្គភាព ក្នុងខេត្តប្រមាណ៤០០នាក់។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា លោក នុត ពុធដារ៉ា ឋានន្តរស័ក ឧត្តមមន្រ្តីថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ដែល ត្រូវមកជំនួសលោក ជាក់ ម៉េងហ៊ាង បានបញ្ចប់បេសកកម្មអាណត្តិរបស់ខ្លួន និងត្រូវទៅ ទទួលតំណែងជាអភិបាលរងខេត្តមណ្ឌលគិរីវិញ។

ឯកឧត្ដម ងី ចន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដើម្បីបំពេញជួរថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ដែលបានបញ្ចប់បេសកកម្មអាណត្តិរបស់ខ្លួន រាជរដ្ឋាភិបាលបានផ្តល់សេចក្តីទុកចិត្តតែងតាំងអភិបាលខណ្ឌដង្កោ នៃគណៈអភិបាល រាជធានីភ្នំពេញគឺ លោក នុត ពុធដារ៉ា ដែលមានបទពិសោធន៍ជំនាញការងារជាច្រើន ដើម្បីឱ្យមកចូលរួមកសាង និងអភិវឌ្ឍន៍ ជាពិសេសការបម្រើនិងបំពេញនូវតម្រូវការរបស់ ប្រជាពលរដ្ឋខេត្តក្រចេះ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានឱ្យដឹងថា កិច្ចការអភិវឌ្ឍមូលដ្ឋាន គឺជាភារកិច្ចស្នូល ហើយសុខទុក្ខប្រជាពលរដ្ឋគឺជាបញ្ហាចម្បង ការងារទប់ស្កាត់រាល់បទ ល្មើសផ្សេងៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន វាជាការងារដ៏សំខាន់នៅចំពោះមុខ ដែលត្រូវធ្វើការពង្រីកនិងពង្រឹងនូវការទំនាក់ទំនងសហការលើការងារសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ និងរក្សានូវសុវត្ថិភាពដល់ភ្ញៀវទេសចរ នៅតាមតំបន់គោលដៅដែលភ្ញៀវទៅទស្សនាកម្សាន្ត ដោយមានការរួមសហការជា មួយមន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ ដើមី្បជាផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននិងត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល មន្ត្រីរាជការលើការដឹកនាំ គ្រប់គ្រង ការិយាល័យ និងអង្គភាពក្នុងស្រុកឱ្យបានល្អ ដើម្បីបង្កើនការពង្រឹងនូវរបៀបរបបការ ងាររដ្ឋបាល និងខិតខំធ្វើការទំនាក់ទំនងល្អដើម្បីទទួលបានវិនិយោគ និងអភិវឌ្ឍន៍ ខេត្តតាមជំនាញបទពិសោធន៍ការងាររបស់ខ្លួន៕