ពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីមុខងារនិងរចនាសម្ព័ន្ធក្រុង ស្រុក និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលមករដ្ឋបាលខេត្ត


នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្តីពីការអនុវត្តអនុក្រឹត្យ ស្តីពីមុខងារនិងរចនាសម្ពន្ធ័របស់រដ្ឋបាលក្រុង ស្រុកនិងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រងនិងផ្តល់សេវាសុខាភិបាលមករដ្ឋបាលខេត្ត។

ពិធីផ្សព្វផ្សាយមាននេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក អភិបាល អភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញស្រុក មេឃុំ ជំទប់និងស្មៀនឃុំ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន ដៃគូអភិវឌ្ឍន៍សរុបចំនួន២៦០ នាក់ ស្រី ៦៦នាក់។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍លើកឡើងថា៖ ការប្រតិបត្តិនូវបណ្តាអនុក្រឹត្យ និងសេចក្តីណែនាំទាំងនេះ ដើម្បីធានាឱ្យរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារនានាដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អាចអនុវត្តទៅបានយ៉ាងជោគជ័យ ចាប់ដើមឆ្នាំ២០២០ ខាងមុខនេះ ត្រូវរៀបចំអនុវត្តការ ធ្វើសមាហរណកម្មការិយាល័យ អង្គភាពនានា និងការផ្ទេរបុគ្គលិក ទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុក។ ត្រៀមលក្ខណៈសម្បត្តិឱ្យរួចរាល់ដើម្បីទទួលការផ្ទេរធនធាន ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងសិទ្ធិកាតព្វកិច្ច គ្រប់មន្ទីរជំនាញត្រូវបន្តការគាំទ្របច្ចេកទេស ស្មារតី និងធនធានសម្ភារមួយចំនួនដែលបានគ្រងឡើងជាផែនការសកម្មភាពទៅដល់ ថ្នាក់ក្រុង ស្រុកដើម្បីអាចដំណើរការផ្តល់សេវារបស់ខ្លួន ពិសេសចំពោះការិយាល័យ ដែលបានប្រកាសដាក់ដំណើរការក្នុងស្រុកបង្កើតថ្មីផងដែរ។