ក្រុមហ៊ុន​ចិន​គ្រោង​វិនិយោគ​កែច្នៃ​សំរាម​ឱ្យក្លាយ​ទៅជា​ថាមពល​សម្រាប់​ប្រើប្រាស់​ក្នុង​ខេត្តបាត់ដំបង


បាត់ដំបង​: នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង កាលពី​រសៀល​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ អាជ្ញាធរខេត្ត​បាត់ដំបង​បាន​ជួបពិភាក្សា​ជាមួយនិង​ក្រុមហ៊ុន​របស់​ចិន​មួយ ក្នុង​គោលបំណង​វិនិយោគ​កែច្នៃ​សំរាម​ឱ្យ​ក្លាយជា​ថាមពល​សម្រាប់​ប្រើប្រាស់​ក្នុង​ខេត្តបាត់ដំបង ដើម្បី​ចូលរួម​លើកកម្ពស់​បរិស្ថាន និង​សុខមាលភាព​ប្រជាពលរដ្ឋ​ក្នុង​និង​ក្រៅ​ទីប្រជុំជន​។​

​លោក Zhou Yuhui ប្រ​ធា​ក្រុមហ៊ុន CITI CPE បានឱ្យដឹងថា ក្រោយពី​ធ្វើការ​ការសិក្សា​លំអិត​លើ​គម្រោង​ដោះស្រាយ​បញ្ហា​សំរាម​នៅ​ទូទាំង​ខេត្ត​បានបញ្ចប់ ក្រុមហ៊ុន​របស់លោក​ត្រូវការ​បរិមាណ​កាកសំណល់​សំរាម​ប្រមាណ​៦០០​តោន​ក្នុង​មួយថ្ងៃ ដើម្បី​បំប្លែង​ជា​ចរន្ត​ថាមពល​កាត់បន្ថយ​ការប៉ះពាល់​ដល់​បរិស្ថាន និង​លើកកម្ពស់​សុខភាព អនាម័យ​របស់​ប្រជាពលរដ្ឋនៅក្នុង​ទូទាំង​ខេត្តបាត់ដំបង​ទាំងមូល​។​

​លោក​បាន​បន្តថា នៅក្នុង​ការដោះស្រាយ​វិនិយោគ​កែច្នៃ​សំរាម​នេះ ក្រុមហ៊ុន​គ្រោង​នឹង​បែងចែក​កាកសំណល់​ជា​ដំណាក់កាលៗ មានការ​រៀបចំ​ទុកដាក់​សំរាម ការដឹកជញ្ជូន​និង​ការកែច្នៃ​សំរាម​គ្រប់​ប្រភេទ​បំប្លែង​ឱ្យ​ជា​ថាមពលអគ្គីសនី​។ ចំណែក​កាកសំណល់​ប្លា​ស្ទិ​ច ឬ​លោហៈធាតុ​ផលិត​កែច្នៃ​ទៅជា​សម្ភារៈប្រើប្រាស់​ផ្សេងៗ​វិញ​។​

លោក​ប្រធាន​ក្រុម​ដឹកនាំ​ក្រុមហ៊ុន CITI CPE បាន​ឲ្យ​ដឹង​បន្តថា លោក​រំពឹង​យ៉ាង​មុតមាំ​ថា​គម្រោង​ខាងលើ​នឹង​ទទួលបាន​ជោគជ័យ ព្រោះ​ជំហរ​របស់​ក្រុមហ៊ុន​មាន​គោលដៅ​ចង់ឱ្យ​ការវិនិយោគ​ជា​លក្ខណៈ​ឯកជន​មួយ​នេះ វិវឌ្ឍន៍​ខ្លួន​ក្នុង​ទំហំ​ធំ​ផ្សាភ្ជាប់​គ្នា​ក្នុង​កម្រិត​រាជរដ្ឋាភិបាល​តែម្តង​។​

​ដោយឡែក​ភាគី​អាជ្ញាធរខេត្ត​បាត់ដំបង​លោក ងួន រតនៈ អភិបាលខេត្ត​បាន​បញ្ជាក់ថា បើទោះបី​គម្រោង​គ្រប់គ្រង​កាកសំណល់​សំរាម​នេះ មាន​ប្រទេស​មួយចំនួន​ឈាន​ទៅមុន​ក៏ដោយ ប៉ុន្តែ​សម្រាប់​ខេត្តបាត់ដំបង​វា​ជា​គម្រោង​លើកដំបូង ហើយ​មាន​សារៈសំខាន់​បំផុត​សម្រាប់​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ពិសេស​លើ​វិស័យ​ទេសចរណ៍ និង​បរិស្ថាន​សង្គម ដោយសារ​ការគ្រប់គ្រង​កែច្នៃ​សំរាម​បច្ចុប្បន្ន​នៅក្នុង​ខេត្តបាត់ដំបង​នៅមានកម្រិត​នៅឡើយ ចាំបាច់​មានការ​ធានា​ពី​គម្រោង​ដៃគូ​វិនិយោគ​។​

លោក​អភិបាលខេត្ត​បាន​បន្តថា ក្នុងនាម​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​លោក ងួន រតនៈ បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​បង្កលក្ខណៈ​សម្រួល​ដល់​ក្រុមហ៊ុន CITI CPE សិក្សា​ស្វែងយល់​នៅ​ចំពោះមុខ រួច​វាយតម្លៃ​អនុវត្តន៍​គម្រោង​គ្រប់គ្រង​កាកសំណល់​សំរាម​នេះ ឲ្យ​ដំណើការ​ឡើង​លឿន​បំផុត​។​

​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តបាត់ដំបង​មាន​ចំនួន​ជាង​១​លាន​នាក់ ក្នុងនោះ​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ដែល​ប្រើប្រាស់​សេវា​ប្រមូល និង​ទុកដាក់​សំរាម​មាន​ចំនួន​១៥​ម៉ឺន​នាក់ បាន​បង្កើតឡើង​នូវ​សំរាម​ក្នុង​បរិមាណ​ពី​១០០​ទៅ​១៤៥​តោន​ក្នុង​មួយថ្ងៃៗ​៕