អភិបាលរាជធានីភ្នំពេញ រៀបចំកម្មវិធីជួបជុំថ្លែងអំណរគុណមន្ត្រីរាជការ ដែលបានរួមចំណែកធ្វើឲ្យមហាសន្និបាត AIMFទទួលបានជោគជ័យ


(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំឲ្យមានការជួបជុំមន្ត្រីរាជការ បុគ្គលិក តាមមន្ទីរ, អង្គភាព, អាជ្ញាធរដែនដី ជំនាញពាក់ព័ន្ធក្នុងន័យថ្លែងអំណរគុណ ដល់ក្រុមការងាររៀបចំមហាសន្និបាត, មន្ត្រីទាំងអស់ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ដែលបានរួមចំណែក ក្នុងការរៀបចំមហាសន្និបាតសមាគមន៍អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ដែលរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះកាលពីដើមខែធ្នូកន្លងទៅ ទទួលបានជោគជ័យ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ស្នាដៃការងារ និងសមិទ្ធិផលទាំងឡាយដែលយើងទាំងអស់គ្នាសម្រេចបាននាពេលកន្លងមកនេះ គឺមិនត្រឹមតែជាកិត្តិយសដ៏ធំធេង របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃសមាគម AIMF ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏ជាសារបង្ហាញប្រាប់ពិភពលោកថា ទីក្រុងភ្នំពេញមិនមែនជាទីក្រុងខ្មោច និងមិនមែនជាទីក្រុងឯកោ ដូចកាលពីឆ្នាំ១៩៧៩ឡើយ។

ផ្ទុយទៅវិញរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន នៅតែរក្សាបាននូវអត្តសញ្ញាណ នៃទីក្រុងប្រវត្តិសាស្ត្ររបស់ខ្លួនដែល ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងជាមជ្ឈមណ្ឌលប្រមូលផ្តុំលើគ្រប់វិស័យ ពោរពេញដោយសុខសុវត្ថិភាព, វិបុលភាព, សកម្មភាពរស់រវើក និងមានភាពទាក់ទាញបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។

ជាមួយនឹងការទទួលទានអាហារសាមគ្គី អបអរឆ្នាំថ្មីឆ្នាំសកលនេះដែរ ឯកឧត្តម ឃួង ស្រេង យកឱកាសនេះ ប្តេជ្ញាចិត្តរួមគ្នាជាថ្មីម្តងទៀត សន្យាខិតខំប្រឹងប្រែង ទ្វេដងជាមួយបងប្អូនសហការី មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ នៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ព្រោះការងារណាក៏អាចសម្រេចបានដែរ ឲ្យតែមានកម្លាំងសាមគ្គី៕