វេទិកាចែករំលែកចំណេះដឹងស្តីពី «គម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា»


ខេត្តសៀមរាប៖ នៅថ្ងៃព្រហស្បតិ៍-សុក្រ ១-២កើត ខែបុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងែទី២៦-២៧ ខែធ្នូ ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) សហការជាមួយក្រសួងរ៉ែ និងថាមពល លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDD-S) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំវេទិកាចែករំលែកចំណេះដឹងប្រចាំឆ្នាំស្តីពី «គម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា – BESD» ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ និងជានាយកគម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា (BESD) និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានឧត្តមសិក្សាជាច្រើននាក់។
ឯកឧត្តម ទិន ពន្លក បានបង្ហាញថា គម្រោងបានអនុវត្តន៍ក្រោមការសហការគ្នាពិដៃគូទទួលបានសមិទ្ធិផលសំខាន់ៗដូចជា៖ (១) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (PES) ដោយបានកំណត់នូវជម្រើសសមស្របមួយចំនួនសម្រាប់អនុវត្តនៅកម្ពុជា (តំបន់ឧទ្យានជាតិភ្នំគូលែនសៀមរាប និងតំបន់ប្រើប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយ ខេត្តព្រះសីហនុ) និងផ្តល់ជាអនុសាសន៍ក្នុងការរៀបចំគោលនយោបាយសម្រាប់គៀរគរនូវធនធានហិរញ្ញវត្ថុបម្រើឱ្យសកម្មភាពអភិរក្ស និងការពារនូវប្រព័ន្ធអេកូឡូស៊ីទាំងនោះ។ ជាលទ្ធផល គឺត្រូវរៀបចំអនុវត្តការប្រតិបត្តិការងារការបង់ថ្លៃប្រព័ន្ធអេកូឡូស៊ីនេះ (២) សេដ្ឋកិច្ចចក្រា(Circular Economy) គឺបានបង្កើតក្រុមការងារគ្រប់គ្រងថង់ប្លាស្ទិច ផ្សព្វផ្សាយអប់រំអំពីការគ្រប់គ្រង និងការកាត់បន្ថយថង់ប្លាស្ទិកតាមរយៈយុទ្ធនាការនានា ដូចជា រៀបចំតន្ត្រីអប់រំបរិស្ថាននៅកំឡុងពេលបុណ្យអ៉ុំទុក បទចម្រៀងបែបអប់រំ គំនូរជីវចល ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានកំណត់យកក្រុងកែបជាក្រុងសាកល្បងមួយ ដោយធ្វើការប្រជុំផ្សព្វផ្សាយ ព្រមទាំងបានសិក្សាពីការកែច្នៃពីសំរាមទៅជាថាមពលជាមួយក្រុមហ៊ុន H&M (៣) ថាមពលកកើតឡើងវិញ គឺបានរៀបចំការសន្ទនាថ្នាក់គោលនយោបាយ ដោយបានធ្វើការជាមួយក្រុមហ៊ុន Energy Lab ការសិក្សាវាយតម្លៃហានិភ័យនៃការវិនិយោគថាមពលកកើតឡើងវិញ និងបានដាក់ឱ្យប្រើប្រាស់នូវកម្មវិធីថ្នាបណ្តុះបណ្តាលអាជីវកម្មថាមពលស្អាតក្នុងវិស័យកសិកម្ម និង (៤) ធ្វើការរៀបចំផែនការសកម្មភាពរួមបញ្ចូលគ្នាសម្រាប់ឆ្នាំ២០២០។
សូមបញ្ជាក់ថា វេទិកាចែករំលែកចំណេះដឹងស្តីពី «គម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា» រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលលទ្ធផលសម្រចបាន មេរៀនបទពិសោធន៍ និងការអនុវត្តល្អៗទាំងផ្នែកគោលនយោបាយ និងការអនុវត្តផ្ទាល់ផងដែរ ដោយមានការគាំទ្រមូលនិធិពីស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាតិ៕