កិច្ចប្រជុំត្រៀមលក្ខណៈរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន


ថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំប្រជុំត្រៀមលក្ខណៈរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការទាំងអស់។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ នៃការរៀបចំរបស់អនុគណៈកម្មការនីមួយៗ សំដៅឱ្យការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលតាមការគ្រោងទុក។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការបានផ្ដាំផ្ញើឱ្យអនុគណៈកម្មការនីមួយៗ បន្តជួបប្រជុំគ្នាដើម្បីដោះស្រាយបញ្ហាសេសសល់ ក៏ដូចជារកនីតិវិធីផ្សេងៗទៀត ក្នុងបុព្វហេតុជំរុញឱ្យលទ្ធផលនៃការរៀបចំសន្និបាតនេះកាន់តែឆ្លុះបញ្ចាំងនឹងកម្មវត្ថុរបស់ខ្លួន។

សូមបញ្ជាក់ថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ខ្លួននៅថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ៕