សម្តេចប្រធានព្រឹទ្ធសភា បង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសឆ្លងឆ្នាំចាស់ ឈានចូលឆ្មាំថ្មី ឆ្នាំសកល


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារបង្គំទូលថ្វាយ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល នាថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងខ្លឹមសារ បង្គំទូលថ្វាយ “ក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុង្គឧត្តមថ្លៃថ្លា នៃឱកាសឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី គ្រឹស្តសករាជ២០២០ ដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ តាងនាមសមាជិក សមាជិកាព្រឹទ្ធសភាទាំងអស់ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយលើកហត្ថគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីត ព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រីគ្រប់ព្រះអង្គ សូមតាមជួយបីបាច់ថែេរក្សាអភិបាលប្រោះព្រំប្រទាន ព្រះរាជសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ ព្រះករុណាជាម្ចាស់ជីវីតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជកាយពល រឹងមាំខ្លាំងក្លា ព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា និងព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជាភរយ្យាភាពតរៀងទៅ”។

ពេញមួយឆ្នាំ២០១៩ ព្រះករុណាជាម្ចាស់ជីវីតលើត្បូង ជាទីគោរពសក្ការៈ បានបំពេញព្រះរាជបេសកកម្ម ដ៏ថ្លៃថ្លាបំផុតជាប្រវត្តិសាស្រ្តទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ប្រកបដោយវិបុលភាព វឌ្ឍនភាព និងសន្តិភាព ក្រោមម្លប់ដ៏ត្រជាក់ត្រជុំ នៃព្រះករុណាជាម្ចាស់ជីវីតលើត្បូង ឆ្នាំ២០២០ កម្ពុជានឹងបន្តរួមរស់ក្នុងភាពសម្បូរណ៍សប្បាយរុងរឿងត្រចះត្រចង់ ជាមហាគ្រួសារខ្មែរ។

សម្តេចប្រធានព្រឹទ្ធសភា ទូលព្រះបង្គំ សូមគោរពដង្ហែរតាមព្រះរាជតម្រិះដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមរបស់ព្រះករុណាជាម្ចាស់ជីវីតលើត្បូង គ្រប់កាលៈទេសៈ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ជាប្រទេសដ៏ចម្រើនរុងរឿងខ្លាំងក្លា ក្នុងពេលអនាគត…។