សម្តេច ភក្តី សាយ ឈុំ អញ្ជើញជាអធិបតី បើកសន្និបាតបូកសរុបការងារ១៦ខែដំបូង និងទិសដៅការងារឆ្នាំ២០២០របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់


ព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៨.៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសន្និបាតបូកសរុបការងារ១៦ខែដំបូង និងទិសដៅការងារឆ្នាំ២០២០របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅសណ្ឋាគារសុខាភ្នំពេញ។
មានប្រសាសន៍ទៅកាន់អង្គសន្និបាតនាពេលនោះ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងថា៖ “ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា កម្ពុជា បានបោះជំហានថ្មីមួយទៀតនៃដំណើការប្រជាធិបតេយ្យភាវូបនីយកម្ម គឺការបង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាយន្តការពិគ្រោះ និងផ្តល់យោបល់ របស់គណបក្សនយោបាយ ជូនរាជរដ្ឋាភិបាល ក្រៅក្របខ័ណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍន៍សង្គមជាតិ ប្រកបដោយសក្តានុពល។ …នេះជាមោទនភាពជាតិមួយថ្មីទៀតដែល កម្ពុជា ខ្លួនឯងអាចបង្កើតយន្តការពហុបក្សចម្រុះនិន្នាការនយោបាយផ្សេងៗគ្នា ឆ្លើយតបនឹងបរិបទនៃរបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្សសម្រាប់កម្ពុជា ដោយឯករាជ្យអធិបតេយ្យ។ វត្ថុបំណងគន្លឹះ នៃការអនុវត្តន៍របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សរបស់ប្រជាជាតិយើង គឺសន្តិភាព និងរក្សាសន្តិភាព/ស្ថេរភាព។ ជាការពិតណាស់ ការរក្សាសន្តិភាព/ស្ថេរភាពនៅកម្ពុជា ត្រូវការ ការចូលរួមពីគ្រប់គណបក្សនយោបាយ ដែល មានជំហ ឈរលើឯករាជ្យ អធិបតេយ្យភាពជាតិជាអាទិភាព និងជាចំបង ។ ការចូលរួមភ្ជាប់ជាមួយនឹងការរិះគន់ក្នុងន័យស្ថាបនា ដោយគោរពលើទស្សនៈវិស័យនយោបាយខុសៗគ្នារបស់គណបក្សនីមួយៗ គឺជាវប្បធម៌នយោបាយសេរីពហុក្សរបស់កម្ពុជា។ ”
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងគាំទ្រចំពោះយន្តការពហុបក្ស ក្រៅក្របខ័ណ្ឌសភារបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងថ្លែង កោតសរសើរដល់ការបំពេញការងាររបស់ឯកឧត្តម លោកជំទាវ ក្នុងអម្លុងពេល១៦ខែដំបូងកន្លងទៅ ដែលជាការរួមចំណែកប្រកបដោយសក្តានុពលចំពោះការចូលរួមក្នុងដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម និងជាពិសេស ក្នុងការចូលរួមផ្តល់វិភាគទានជាប្រយោជន៍ដល់ប្រសិទ្ធភាពនៃការអនុ-វត្តន៍គោលនយោបាយកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា។
មុនបញ្ចប់ សម្តេចប្រធាន បានបង្ហាញពីសុទិដ្ឋិនិយម ដោយសង្ឃឹមថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងបន្តបេសកកម្មទាំងអស់នេះក្នុងឆ្នាំ២០២០ខាងមុខ សំដៅរួមចំណែកធ្វើឲ្យកំណែទម្រង់នៅកម្ពុជា មានផ្លែផ្កាជាបន្តបន្ទាប់ និងកាន់តែប្រសើរឡើង ដើម្បីសុខសន្តិភាព, ស្ថេរភាព, ការអភិវឌ្ឍន៍ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជារបស់យើង… ៕