ពាក្យ​«​អរគុណ​សន្តិភាព​!​» ​ត្រូវ​បាន​បិទ​តាម​សាលារៀន ​មណ្ឌលសុខភាព ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ ​និង​សាលាក្រុង​តាម​បណ្តា​ខេត្ត​ស្ទើរ​ទូទាំង​ប្រទេស


ពាក្យ «អរគុណសន្តិភាព!» គឺជាពាក្យមួយឃ្លា ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផ្ញើសារជូនដល់ប្រជាជាតិ ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យតម្លៃយ៉ាងខ្លាំងទៅលើពាក្យសន្តិភាពនេះ ដែលសម្តេចថ្លែងបានបញ្ជាក់ថា ដោយសារសុខសន្តិភាពនេះហើយ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់។ បើគ្មានសន្តិភាព គ្មានអ្វីៗទាំងអស់។

ទន្ទឹមគ្នានេះ ប្រជាជនកម្ពុជាទាំងអស់ ក៏បានផ្តល់តម្លៃយ៉ាងខ្លាំងដល់សន្តិភាព។ ជាក់ស្តែង បន្ទាប់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ថ្លែងសារនេះរួច, ស្រាប់តែពាក្យ «អរគុណសន្តិភាព!» ត្រូវបានកត់សម្គាល់ថា មានបិទតាមសាលារៀន មណ្ឌលសុខភាព មូលដ្ឋានកងរាជអាវុធ និងសាលាក្រុងនានា ទូទាំងប្រទេសតែម្តង។

សូមបញ្ជាក់ថា តាមរយៈ Facebook របស់សម្តេចតេជោនាយករដ្ឋមន្ត្រី, សម្តេចក៏បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ បន្តថែរក្សាការពារសន្តិភាព ក្នុងប្រទេសរបស់យើងឲ្យបានគង់វង្ស។ សម្តេចថែមទាំងបានជូនពរ ដល់បងប្អូនជនរួមជាតិ ក្នុងឱកាសឆ្នាំថ្មី២០២០ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សំណាងល្អគ្រប់ៗគ្នាផងដែរ៕