ឆ្លៀតឱកាសបំពេញបេសកកម្ម នៅទីក្រុង SANYA ខេត្តហៃណាន ប្រទេសចិន ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ថោង ខុន បានទទួលជួបពិភាក្សាការងារជាមួយវិនិយោគិនចិនសំខាន់ៗ និងភ្នាក់ងារទេសចរណ៍ចិនជាច្រើនរូប ក្នុងគោលបំណងជំរុញឱ្យមានកំណើនវិនិយោគចិន ចូលមកកម្ពុជាបន្ថែមទៀត ពិសេសក្នុងវិស័យទេសចរណ៍។
លោកជំទាវបានលើកបង្ហាញ ពីឱកាសវិនិយោគសំខាន់ៗនៅកម្ពុជា ពិសេសក្នុងវិស័យទេសចរណ៍ ស្របពេលដែលចំនួនភ្ញៀវទេសចរចិនទៅកម្ពុជា នៅតែបន្តមានកំណើន។ ជាក់ស្តែងនៅក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាព្រះរាជាណាចក្រកម្ពុជា មានចំនួនប្រមាណ ៥,២៩៦,០៨៨នាក់ កើនឡើង៩.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ ក្នុងនោះភ្ញៀវទេសចរជនជាតិចិន ឈរនៅលេខរៀងទី១ (ស្មើនឹង២,០២៦,៥០២នាក់ កើនឡើងប្រមាណ២៤.៤% និងស្មើនឹង៣៨.៣% នៃចំណែកទីផ្សារសរុប) ក្នុងចំណោមចំណែកទីផ្សារទេសចរនាំមុខគេទាំង១០។
លោកជំទាវបានស្នើបន្ថែមទៅក្រុមវិនិយោគិនចិន ឲ្យសម្លឹងឱកាសវិនិយោគ និងចាប់អារម្មណ៍ចំពោះគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជាដូចជា៖ ខេត្តកំពត ខេត្តតំបន់ភូមិភាគឦសាន និងខេត្តកំពង់ធំ ដែលនៅទីនោះមានប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដូចប្រាសាទអង្គរវត្តផងដែរ។ លោកជំទាវក៏បានចាប់អារម្មណ៍ ចំពោះឱកាសវិនិយោគមួយទៀត គឺការបង្កើតកញ្ចប់ទស្សនកិច្ចតាមនាវា (Cruise Tourism) រវាងខេត្តហៃណាន និងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន និងនាពេលអនាគត ដែលនឹងមានការតភ្ជាប់ទៅកំពង់ផែទឹកជ្រៅ នៅខេត្តកំពតមួយទៀតដែលកំពុងសាងសង់។
ក្រុមអ្នកវិនិយោគចិន បានសាទរចំពោះការលើកឡើងរបស់លោកស្រី ហើយពួកគាត់បានបញ្ជាក់បន្ថែមថា អ្នកវិនិយោគចិនទាំងអស់ មិនខ្លាចរអារនឹងចាប់យកឱកាសវិនិយោគ នៅកម្ពុជាឡើយ ដោយសារពួកគេសុទ្ធតែបានសម្លឹងឃើញនូវ ៣ចំនុចសំខាន់ដែលកម្ពុជាមាន នោះគឺ៖
ទី១៖ កម្ពុជាជាប្រទេស កំពុងអភិវឌ្ឍដែលជាលក្ខខណ្ឌ បង្កបរិយាកាសយ៉ាងប្រសើរដល់ការវិនិយោគពីបរទេស
ទី២៖ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាល្អប្រសើរ។
និងទី៣៖ គឺកម្ពុជាមានសុខសន្តិភាព និងសេ្ថរភាពនយោបាយល្អ បើធៀបនឹងប្រទេសជិតខាងក្នុងតំបន់ ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍដទៃទៀត៕