ភ្ញៀវទេសចរជាតិ-អន្តរជាតិ៣០ម៉ឺននាក់ ចូលមកទស្សនាខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំសាកល


(សៀមរាប)៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សរុបប្រមាណជា២៩៦,៣២២នាក់ បានចូលមកទស្សនាខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំសាកល ដែលមានការកើនឡើង៤.៣៣% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន ២៨៤,០៣១នាក់ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តសៀមរាប។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវជិត៣០ម៉ឺននាក់ នោះគឺមានភ្ញៀងទេសចរអន្តរជាតិចំនួន២៦,៣២២នាក់ មានការថយចុះ២២.៦៥% បើប្របៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ ភ្ញៀវជាតិមានចំនួនប្រមាណជា ២៧ម៉ឺននាក់ គឺមានការកើនឡើងប្រមាណ៨% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តសៀមរាប គឺបានរៀបចំសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តចូលឆ្នាំថ្មី ឆ្នាំសាកល គ.ស. ២០២០ នៅសួនច្បារព្រះរាជដំណាក់ នារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៩៖០០នាទី នៅសួនច្បារព្រះរាជដំណាក់ ដែលមានរៀបចំតុបតែងភ្លើងលម្អ របាំ-តន្ត្រីបុរាណ សម័យ ការដាក់លក់ផលិតផល និងអាហារ។ ព្រមទាំងពិធីរាប់ថយក្រោយ (Countdown) ឆ្លងឆ្នាំ២០១៩ ចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២០ ដោយមានអុជកាំជ្រួចអបអរសាទរ។

កម្មវិធីនេះស្ថិតក្នុងវត្តមានរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងបងប្អូនប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ ៕