រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីឆ្លងឆ្នាំយ៉ាងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព មានប្រជាពលរដ្ឋចូលរួមជិត៣ម៉ឺននាក់


(រតនគិរី)៖ ព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ឆ្នាំ២០១៩ ឈានចូល២០២០ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តរតនគិរី បានបញ្ចប់ប្រកបដោយភាពជោគជ័យ។

ពេញមួយថ្ងៃ ចាប់ពីព្រឹកព្រលឹមរហូតដល់កណ្តាលអធ្រាត្រ ភ្ញៀវជិតឆ្ងាយមានវត្តមាននៅទីកម្សាន្តនានា ក្នុងទឹកដីខេត្តរតនគិរីប្រមាណជិត៣ម៉ឺននាក់។

ប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី លោក ង៉ែត ពិទូ បានបញ្ជាក់ឲ្យដឹងថា កម្មវិធីឆ្លងឆ្នាំ២០១៩ឈានចូល ២០២០ របស់រដ្ឋបាលខេត្តបានប្រព្រឹត្តទៅដោយជោគជ័យលើស ការរំពឹងទុក។

លោកថា ដំណើរការគ្រប់យ៉ាងមានភាពល្អប្រសើរ ដោយស្រូបបានភ្ញៀវ ទេសចរជាតិអន្តរជាតិបានយ៉ាងច្រើនកុះករ និងក្តីសប្បាយរីករាយទាំងនេះ គឺដោយសារ ការយកចិត្តទុកដាក់ពីសំណាក់លោក ថង សាវុន អភិបាលខេត្ត ក្នុងការរៀបចំ និងចាត់ចែង បានល្អគ្រប់ជ្រុងជ្រោយទាំងអស់។ លោកប្រធានមន្ទីរទេសចរណ៍រូបនេះបាន បញ្ជាក់ថាក្នុងរាត្រី៣១ នៅមាត់បឹងកន្សែងក្រុងបានលុង រដ្ឋបាលខេត្តបានរៀបចំឲ្យមានការបង្ហោះគោមចំនួន២០២០គោម និងធ្វើការបាញ់កាំជ្រួចតូចធំ រយៈពេល១ម៉ោងជិត៤០០ដើម។ តាមការប៉ាន់ប្រមាណភ្ញៀវដែលមកកម្សាន្ត នៅខេត្តរតនគិរីក្នុងយប់ឆ្លងឆ្នាំ មានប្រមាណជិត៣ម៉ឺននាក់។

យុវជនម្នាក់ មកពីរាជធានីភ្នំពេញ បានរៀបរាប់ថា នេះជាលើកទី១ដែលខ្លួន និងក្រុមគ្រួសារ បានសម្រេចចិត្តសម្រាកឆ្លងឆ្នាំនៅខេត្តរតនគិរី ព្រោះកន្លងទៅការមកកាន់ខេត្តនេះ ត្រឹមតែដើរលេង នៅតាមរមណីយដ្ឋានសំខាន់ៗ រួចត្រឡប់ទៅផ្ទះវិញ។

យុវជនដដែលបានបញ្ជាក់ថា ទិដ្ឋភាពបែបនេះធ្វើឱ្យមានក្តីរំភើបរីករាយណាស់ ហើយឆ្នាំក្រោយបើមានឱកាសនឹងនាំក្រុមគ្រួសារមកទៀត ព្រោះ ខេត្តរតនគិរី ទឹកដីភាគឦសានមួយនេះ កំពុងតែរីកចម្រើនគួរឱ្យកត់សម្គាល់។ កត្តាទាំងអស់ខាងលើនេះ ដោយសារប្រទេសជាតិមានសន្តិភាពផងដែរ៕