ប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត និងពិធីសំណេះសំណាលជាមួយនិវត្តន៍ជន


នៅសាលាខេត្តប៉ៃលិន បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត និងពិធីសំណេះសំណាលជាមួយនិវត្តន៍ជន ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ឡី ចាន់ឆាយ ទីប្រឹក្សារាជរដ្ឋាភិបាល និង ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ។

លោក កើត ចំរើន ប្រធានការិយាល័យធនធានមនុស្សបានអាននូវសេចក្តីប្រកាសតែងតាំង អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ បណ្តាមន្ទីរវិស័យរួមមាន មន្ទីរព័តមានខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរការងារ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្ត មន្ទីរធម្មការនិងសាសនាខេត្ត ។

ឯកឧត្តម ផាន់ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ ការ​ផ្លាស់ប្ដូរ ឬ​តែងតាំង សម្រួល​ភារកិច្ច​គឺជា​ធម្មតា​សម្រាប់​ក្រប​ខណ្ឌ​មន្ត្រីរាជការ របស់​រាជរដ្ឋាភិបាល​ ទៅតាម​គុណបំណាច់​ និង​ស្នាដៃ​ក្នុងការបម្រើជាតិ និងប្រជាជននាពេលកន្លងមក ដូច្នេះ​​​ក្រោយ​​​​​​ពីការតែងតាំង អនុប្រធានមន្ទីរ ប្រធាននិងអនុប្រធានការិយាល័យតាម  បណ្តាមន្ទីរវិស័យ នឹង​មាន​រចនា​​​​​សម្ព័ន្ធ​ថ្នាក់ដឹកនាំគ្រប់គ្រាន់ ដែលអាច​មាន​លទ្ធ​ភាពបំពេញការងារ​បំរើប្រជាពលរដ្ឋ​អោយបានកាន់តែល្អប្រសើរ និងទាន់​ពេលវេលា តាមសេចក្តីត្រូវការរបស់បង​ប្អូនប្រ​ជាពល​​​រដ្ឋ​​​​ស្រប​តាមគោលនយោបាយ​របស់រាជ​រដ្ឋា​ភិបាលកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារៈកិច្ចថ្មី សហការជាមួយអង្គភាពនានា សំដៅបំពេញកិច្ចបម្រើជាតិ និងប្រជាជន​អោយទទួល​បានជោគ​ជ័យ​ និងមានការអភិវឌ្ឍន៏លើគ្រប់​វិស័យក្នុង​ខេត្តប៉ៃលិនអោយបានជាបន្តបន្ទាប់។ ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានណែនាំនិងផ្តាំផ្ញើរដល់មន្ត្រីរាជការដែលទើបតែងតាំងថ្មីទាំងអស់ ត្រូវពង្រឹងសមត្ថភាព​​និងបង្កើតធនធាន​អោយមាន​ចំណេះ​ជំនាញ​ក្នុងអង្គភាពរបស់ខ្លួន ​ប្រកបដោយ​គុណភាពដើម្បីអនុវត្តន៍ការងារអោយទទួលបានជោគជ័យ ជាពិសេសត្រូវពង្រឹង​សាមគ្គី​ភាពផ្ទៃក្នុង និងប្រមូលផ្តុំមន្ត្រីក្រោមឱវាទ មកធ្វើការងារជាសមូហភាពរួមគ្នាធ្វើការងារហើយ​ត្រូវសហការល្អ ជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងគ្រប់បណ្តាក្រុង ស្រុកនៅក្នុងខេត្ដ ព្រោះថាការ​ពង្រឹង​សមត្ថភាពនេះហើយដែល ធ្វើអោយយើងនិងអង្គភាពមានការរីក​ចំរើន ជាពិសេសចូលរួមអភិវឌ្ឍន៍ខេត្តនិងប្រទេសជាតិទាំងមូល ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឧបត្ថម្ភថវិកាដល់ ដល់បងប្អូននិវត្តន៍ជនដែលចូលរួមជាង១៥០នាក់ម្នាក់ៗ ៥ម៉ឺនរៀលផងដែរ ។