អាជ្ញាធរខេត្តបន្ទាយមានជ័យ​ ជំរុញដោះស្រាយសំណូមពរ និងបញ្ហាប្រឈម​របស់ប្រជាពលរដ្ឋលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម​ប្រឹក្សាខេត្ត


អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានទទួលយកសំណូមពរ និងបញ្ហា​ប្រឈមរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ដែលបានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សាខេត្ត​ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ នៅវត្តពោធិវាល ឃុំគំរូ ស្រុកថ្មពួក នោះធ្វើការដោះស្រាយហើយបញ្ហាដែល នៅសេសសល់ និងត្រូវដាក់បញ្ចូលទៅក្នុង​គម្រោងអភិវឌ្ឍន៍របស់ខេត្តបន្តទៀត។

នៅក្នុងវេទិកាសាធាណៈនេះត្រូវបានតំណាងប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក និងស្រុក​ស្វាយចេកបានលើកឡើងឱ្យរាជរដ្ឋាភិបាលអាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធបន្ត ជួយដោះស្រាយ នោះ គឺបញ្ហាក្តីព្រួយបារម្ភលើទីផ្សារតម្លៃស្រូវចុះថោក,កង្វះទឹកធ្វើ ស្រែប្រាំង, ការជួស​ជុលផ្លូវដែលរងការខូចខាតនៅតាមមូលដ្ឋាន,ប្រព័ន្ធធារាសាស្រ្ត និងមានបញ្ហា ប្រឈមលើ ការអភិវឌ្ឍមូលដ្ឋានរបស់គាត់មួយចំនួនទៀតដែលតម្រូវឱ្យជួយដោះស្រាយជា​បន្ទាន់នោះ។

នៅក្នុងឱកាសនោះឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺជាឧបករណ៍ដ៏មាន សារៈសំខាន់​មួយ​សម្រាប់​លើក​កម្ពស់​គណនេយ្យ​ភាព តម្លាភាព​ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ទាំងប្រុស​ទាំងស្រី​ក្នុង​កិច្ច​ដំណើរការ​របស់​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

​ឯកឧត្តម ខេម ស៊ុម មានប្រសាសន៍ទៀតថា ការបើកវេទិកានេះឡើងបានផ្តល់​ឱកាស​ក្នុង​ការពិភាក្សាប្រកបដោយតម្លាភាពគ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពី រដ្ឋបាល ថ្នាក់ក្រោមជាតិ សង្គម​ស៊ីវិល ​សាធារណជន​នានា​ដែល​អាច​ទទួល​បាន​នូវ​ការ​ផ្ទៀងផ្ទាត់​ប្រកប ដោយសុចរិតភាព សុភវិនិច្ឆ័យ និងយុត្តិធម៌ក្នុងសង្គម ឱ្យកាន់តែល្អប្រសើរឡើង ម្យ៉ាង​​ទៀត​ក៏​ដើម្បី​បង្ហាញ​នូវ​ការទទួលខុសត្រូវ​មួយ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ចំពោះ​ប្រជាពលរដ្ឋ​ និង​សង្គមជាតិ​ទៀត​ផង​ ហើយមាន​គោលបំណង​សំខាន់​លើ​គោលនយោបាយ​ការ​កែលម្អ​នូវ​ប្រព័ន្ធ​អភិបាលកិច្ច​នៅ​តាម​ថ្នាក់​រដ្ឋបាល​នានា​ដើម្បី​ជំរុញ​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន​ និង​ការជំរុញ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​និង​សង្គមកិច្ច​នៅ​តាម​មូលដ្ឋាន​ ដើម្បី​ចូល​រួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ទូទាំង​ប្រទេស​។

​ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យឯកឧត្តម ខេង ស៊ុម ​​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​បានបង្ហាញ​ឱ្យ​ឃើញ​នូវ​ឆន្ទៈ​ដ៏​មោះមុត​និង​ជា​ការ​បោះជំហាន​ ទៅមុខ​យ៉ាង​សំខាន់​មួយ​ក្នុង​កិច្ច​ដំណើរការ​កំណែ​ទម្រង់អភិបាលកិច្ច​ក្នុង​ថ្នាក់​មូលដ្ឋាន ​សំដៅ​ពង្រឹង​លទ្ធិប្រជាធិប តេយ្យជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ដើម្បី​ចូល​រួម​ចំណែក​ កាត់បន្ថយ​ភាព​ក្រីក្រ​ឱ្យប្រកបដោយ​ប្រសិទ្ធភាព​៕