ថវិកាជាង ៣ម៉ឺនដុល្លារ បានមកពីបាល់ទាត់ ប្រគល់ជូនគន្ធបុប្ឆា


     ថវិកា​ជាង ​៣​ម៉ឺន​ដុល្លារ ​ដែល​រក​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា ​ការ​ប្រកួត​បាល់​ទាត់​កម្ពុជា​ និង​ថៃ​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ ត្រូវ​បាន​គេ​បង្វែរ​ជួយ​សប្បុរស​ធម៌​សម្រាប់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ឆា​ ។

     ទឹក​ប្រាក់​ជាង ​៣​ម៉ឺន​ដុល្លារ ​នេះ គឺ​បាន​មក​ពី​ការ​លក់​សំបុត្រ​អោយ​មនុស្ស​ច្រើន​ម៉ឺន​នាក់ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ ដែល​បាន​ចូល​រួម​ទស្សនា​កីឡា​បាល់​ទាត់​រវាង​ក្លឹប K-Cement Cambodian All Stars របស់​កម្ពុជា និង​ក្លឹប SCG Muangthong United របស់​ថៃ​ ។ ក្លឹប K-Cement Cambodian All Stars របស់​កម្ពុជា បាន​ឈ្នះ​ប SCG Muangthong United ថៃ ក្នុង​លទ្ធ​ផល​ ៤​ទល់ ​នឹង​៣ ​។

     ប្រធាន​ក្លឹប​បាល់​ទាត់ SCG ថៃ លោក Roongrote រុងគ្រុឌ ប៉ាំង​ស៊ី​យ៉ូ​ប៉ាស់ បាន​ថ្លែង​ថា ការ​ប្រកួត​បាល់​ទាត់ គឺ​សំដៅ​គោល​បំណង​ពង្រឹង​មិត្តភាព​ និង​មនុស្ស​ធម៌​… និង​លោក​បញ្ជាក់​ថា ចំណូល​ពី​ការ​លក់​សំបុត្រ និង​វត្ថុ​អនុស្សាវរីយ៍​ទាំង​អស់ ត្រូវ​បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទាំង​ស្រុង ​។

     ប្រធាន​សហពន្ធ័​កីឡា​បាល់​ទាត់​កម្ពុជា នាយ​ឧត្តម​សេនីយ៍​ សៅ សុខា បាន​ថ្លែង​ថា ព្រឹត្ត​ការណ៍​បាល់​ទាត់​នោះ គឺ​ជា​ឳកាស​រក្សា​ទំនាក់​ទំនង និង​មិត្តភាព​ល្អ​រវាង​ប្រទេស​ទាំង​២ កម្ពុជា -ថៃ​… និង​លោក​ថា ​វា​ជា​មោទន​ភាព​មួយ​ដែល​ក្រុម​កីឡាករ​កម្ពុជា បាន​ចូល​រួម​ចំណែក និង​រួម​កិច្ច​សហការ​ក្នុង​ព្រឹត្តិ​ការណ៍​នោះ​ ។

     ក្រុម​ហ៊ុន SCG ថៃ​បាន​អោយ​ដឹង​ថា​ គេ​គ្រោង​នឹង​រៀប ចំការ​ប្រកួត​សប្បុរស​ធម៌​ដូច​គ្នា​នេះ​មួយ​ទៀត ​រវាង ក្រុម K-Cement Cambodian All Stars របស់​កម្ពុជា​ដដែល ជាមួយ​ក្រុម​លំដាប់​លេខ​១ ​របស់​ថៃ នៅ​សប្ដាហ៍​ក្រោយ​នៅ​ពហុ​កីឡា​ដ្ឋាន​ជាតិ អូឡាំពិក ថែម​ទៀត​ ។

Soccer Fund 19 01 16 2 copy

Soccer Fund 19 01 16 3 copy