សុំច្បាប់សាងសង់តែ​ ៥​ ជាន់​ទេ​ តែម្ចាស់សំណង់​សង់ឡេីងរហូតដល់​ ៧​ ជាន់​ ចុងក្រោយអ្នករងគ្រោះគឺកម្មករស្លូតត្រង់ ស្លាប់រហូត ៧ នាក់


គិតមកដល់ម៉ោង ៥ ព្រឹកនេះ ជនរងគ្រោះដែលត្រូវអគារ ៧ជាន់ រលំលើនៅខេត្តកែបកើនឡើងអ្នករបួសចំនួន២៥នាក់ និងអ្នកស្លាប់រហូតដល់ទៅ ៧នាក់ ខណៈក្រុមសង្រ្គោះ 711 ព្រមទាំងសមត្ថកិច្ចជាច្រើននាក់ កំពុងបន្តប្រតិបត្តិការយ៉ាងសកម្មក្នុងការស្វែងរកជនរងគ្រោះបន្តទៀត។ គួរបញ្ជាក់ថាយោងតាមការបញ្ជាក់របស់លោកផែង វណ្ណៈ បានសរសេរថា នៅថ្ងៃទី​ ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ខេត្ត​កែប​ បានចុះពិនិត្យសំណង់​អាគារ​នោះឃេីញថា​ សង់ខុសពីលិខិត​អនុញ្ញាត​ ។

ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់​ ៥​ ជាន់​ទេ​ តែម្ចាស់សំណង់​សង់ឡេីងបន្តរហូតដល់​ ៧​ ជាន់​ បណ្ដាល​អោយ​បាក់រលំនៅថ្ងៃទី​ ៣​ ខែ​ មករា​ ឆ្នាំ​ ២០២០​ តែម្ដង​ ។ ការរកឃេីញកំហុសសាងសង់តាំងពីថ្ងៃទី​ ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ មិនព្រមចេញលិខិតផ្អាក​ ឬ​ បញ្ឈប់​ការសាងសង់​ ហេីយនៅតែបន្តអោយសាងសង់​ គឺ​ជាកំហុសដ៏ធ្ងន់ធ្ងររបស់​លោក​ វ៉ៅ​ សុខា​ ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​កែប​។