សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធ ក្រុមប្រតិបត្តិការជួយសង្គ្រោះ ជនរងគ្រោះក្នុងឧបទ្ទេវហេតុបាក់រលំអគារនៅខេត្តកែប


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ បានចេញលិខិតថ្លែងអំណរព្រះរាជគុណ ដល់ព្រះមហាក្សត្រ ព្រះករុណជាអរម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ព្រមទាំងអរគុណដល់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រូពេទ្យ ក្រុមសង្គ្រោះ ក្រុមយុវជន ក្រុមស្តីស្ម័គ្រចិត្ត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការជួយសង្គ្រោះ ជនរងគ្រោះក្នុងឧបទ្ទេវហេតុ បាក់រលំអគារ នៅក្នុងខេត្តកែប។

ក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គុណូបការៈដ៏ប្រសើរថ្លៃថ្លា ឧតុង្គឧត្តមរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រូពេទ្យ ក្រុមសង្គ្រោះ ក្រុមយុវជន ក្រុមស្តីស្ម័គ្រចិត្ត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ បានបង្ហាញនូវឆន្ទៈ ដ៏មោះមុត ក្នុងការបូជាកម្លាំងកាយ កម្លាំងចិត្ត រួបរួមសាមគ្គីគ្នា ដើម្បីសម្រេចបាននូវការឈាន ទៅបញ្ចប់យុទ្ធនាការរុករកជនរងគ្រោះ ព្រមទាំងបានឧបត្ថម្ភជាថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ។ ជាលទ្ធផលយុទ្ធនាការនេះ បានបញ្ចប់ត្រឹមថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នៅម៉ោង១១៖៣៥នាទី ដោយបានរុករកបានជនរងគ្រោះទាំងអស់ ពីគំនរអគារបាក់រលំ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្វាយព្រះពរ ព្រះមហាក្សត្រ សូមព្រះអង្គទ្រង់ប្រកបដោយព្រះសុខភាពមាំមួន ព្រះកាយពលសិរីវឌ្ឍនា ព្រះបញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ ព្រះជន្មាយុយឺនយូជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាម្លប់ យ៉ាងត្រជាក់ត្រជុំ សុខដុមរមនា របស់មាតុភូមិកម្ពុជា ជារៀងរហូតទៅ និងសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រូពេទ្យ ក្រុមយុវជន ក្រមស្តីស្ម័គ្រចិត្ត ព្រមទាំងប្រជាជនទាំងអស់ សូមសមប្រកបតែនឹងពុទ្ធពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុងដូចខាងក្រោម៖