រដ្ឋបាលខេត្តកំពត រៀបចំធ្វើកម្មវិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ឆ្នាំ២០១៩ របស់ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន


នៅសាលប្រជុំសន្និសីទសាលាខេត្តកាលពីព្រឹកថ្ងៃអាទិត្យ១១កើតខែបុស្សឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី៥ ខែ មករាឆ្នាំ២០២០​ រដ្ឋបាលខេត្តកំពត បាន រៀបចំធ្វើកម្មវិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ក្រីក្រឆ្នាំ២០១៩ របស់ឯកឧត្តមបណ្ឌិតប៉ែនស៊ីម៉ន ។

ពិធីសំណេះសំណាលនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម​ បណ្ឌិត​ ប៉ែនស៊ីម៉ន​ អ្នកតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការ អង្កេតបោសសំអាត​ និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា
ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម​ ជឹង ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវ​ លោក-លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់រួមនិងលោកគ្រូ អ្នកគ្រូុ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន(ស.ស.យ.ក)​ សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត​ និង និស្សិតជ័យលាភី សរុបចំនួនប្រមាណ១៥៨៧នាក់។

បេីតាមរបាយការណ៍ស្វាគមន៍ពីវឌ្ឍនភាពក្នុងវិស័យអប់រំរបស់លោក​ តាក ហាប់​ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លទ្ធផលនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៩ខេត្តកំពត មានបេក្ខជនមកប្រឡងសរុបចំនួន ៥១៤៥នាក់ ស្រី២៦៣៥នាក់ បេក្ខជនបានប្រឡងជាប់សរុបចំនួន ៤១១៦នាក់ ស្រី២៣១៧នាក់​ ស្មេីនឹង៨០ភាគរយ សិស្សនិទ្ទេសA ចំនួន២៤នាក់ស្រី១៧នាក់។

ចំណែកឯលទ្ធផលនៃការជ្រើសរើស ជ័យលាភីអាហារូបករណ៍និងសោហ៊ុយវិភាជន៍ ដល់និសិត្សក្រីក្រ របស់ឯកឧត្តមបណ្ឌិតប៉ែនស៊ីម៉នឆ្នាំ២០១៩នេះ ក្នុងនោះមាន៖
១-ជ័យលាភីសិក្សានៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា(រាជធានីភ្នំពេញ)ចំនួន៦៦នាក់ស្រី២០នាក់
២-ជ័យលាភី សិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅ (រាជធានីភ្នំពេញ) ចំនួន២៩នាក់ស្រី ១៩នាក់។
៣-ជ័យលាភីសិក្សាតាមបណ្ដាសាកលវិទ្យាល័យនិងវិទ្យាស្ថាននានា(រាជធានីភ្នំពេញ) ចំនួន១៨៥ នាក់ ស្រី១០៧នាក់។
៤-ជ័យលាភីគរុសិស្សអនុវិទ្យាល័យ បឋមសិក្សា និងមតេយ្យសិក្សា ចំនួន ៤១នាក់ស្រី៣៤នាក់។
៥-ជ័យលាភីសិក្សាតាមបណ្ដាសាកលវិទ្យាល័យនិងវិទ្យាស្ថាននៅខេត្តកំពតខេត្តកែប និងខេត្តព្រះសីហនុចំនួន៨៨ នាក់ស្រី៧៣នាក់។
៦-ជ័យលាភី ជាប់បាក់ឌុបមុនឆ្នាំ២០១៩និងជ័យលាភីមកពីខេត្តផ្សេងៗ ចំនួន២៩នាក់ស្រី២០នាក់ សរុបរួមទាំងអស់ចំនួន៤៣៨នាក់​ស្រី ២៧៣នាក់។

មានប្រសាសន៍សំណេះសំណាលឯកឧត្តម​ បណ្ឌិត​ ប៉ែន​ ស៊ីម៉ន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃវឌ្ឍនភាពការងារ​រីកចម្រើន​របស់រដ្ឋបាលខេត្តកំពត មានការអភិវឌ្ឍ លើគ្រប់វិស័យ ពិសេសវិស័យអប់រំ ដែលខេត្តកំពតទទួលបានគួរឲ្យមោទនៈ។ ដែលលទ្ធផលទាំងអស់នេះគឺបានផ្ដើមចេញពីប្រទេសជាតិយើងមានសុខសន្តិភាព ពេញបរិបូរណ៍​ដែលជាមូលដ្ឋានគ្រឹះ ផ្ដល់ឱកាសអោយយើងទាំងអស់គ្នា រួមសហការសាមគ្គីគ្នា​ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ដូចជាឱកាសដល់យុវជនយើងបានសិក្សារៀនសូត្រប្រកបដោយចំណេះដឹងខ្ពង់ខ្ពស់ ហើយរិតតែពិសេសនោះគឺកម្លាំងដែលមិនអាចខ្វះបានរបស់ប្រជាពលរដ្ឋយើង។

ឯកឧត្តម​ បណ្ឌិត​ ប៉ែន ស៊ីម៉ន ក៏បានផ្ដាំផ្ញើសំណូមពរដល់រដ្ឋបាលខេត្តកំពតរួមនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវបន្តការខិតខំនេះឲ្យបានកាន់តែខ្លាំងក្លាឡើង ដើម្បីធ្វើឲ្យខេត្តកំពតយើងមានការអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀត​ ប្រយោជន៍បម្រើនូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ពិសេសចៅៗដែល ជានិស្សិតជ័យលាភីទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ដើម្បីក្នុងគោលបំណងរួមរបស់ខ្លួនអោយបានសម្រេច ឆ្ពោះទៅទទួលបាននៅលទ្ធផលសិក្សាល្អ ប្រយោជន៍យកចំណេះដឹងទាំងអស់នេះបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋប្រកបដោយ ក្រក្រមសីលធម៌វិជ្ជាជីវៈ។

ក្នុងឱកាសនោះ ឯកឧត្តម​ បណ្ឌិត​ ប៉ែន​ ស៊ីម៉ន​ ក៏បានជូនថវិកា និស្សិតជ័យលាភីអាហារូបករណ៍៤៤៤នាក់ដោយម្នាក់ៗ ៥ម៉ឺនរៀល ព្រមទាំងថវិកាមួយចំនួនដល់អ្នកចូលរួមសរុប១៥៥៥នាក់​ ផងដែរ។