រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្តពិនិត្យពិភាក្សានិងសម្រេចលើសំណើរបស់រដ្ឋបាលក្រុង​ ស្រុក​ ក្នុងដំណើរការសមាហរណកម្មបុគ្គលិក ទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុក


នៅសាលប្រជុំសាលាខេត្តកំពត​ កាលពីព្រឹកថ្ងៃច័ន្ទ១២កើត​ ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣​ ត្រូវនឹងថ្ងៃទី០៦ ខែមករា​ ឆ្នាំ២០២០​ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្តពិនិត្យពិភាក្សា​ និងសម្រេចលើសំណើរបស់រដ្ឋបាលក្រុងស្រុកក្នុងដំណើរការសមាហរណកម្មបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុក និងផ្សព្វផ្សាយសេចក្ដីណែនាំលេខ០៥៥ស.ណ.ន របស់ក្រសួងមហាផ្ទៃ ស្ដីពីការធានានិរន្តរភាពការងាររដ្ឋបាល​ និងការផ្ដល់សេវាក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង​ ស្រុក​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ជាវ តាយ​ អភិបាលនៃគណៈអភិបាលខេត្ត ។

កិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អភិបាល​ និងមន្ត្រី ពាក់ព័ន្ធក្រុងស្រុក សរុប៥៥នាក់។

ឯកឧត្តម​ ជាវ តាយ​ អភិបាលខេត្ត​ បានចាត់ទុកកិច្ចប្រជុំនាពេលនេះ គឺជាការងារចាំបាច់ក្នុងការអនុវត្តនូវកំណែទម្រង់ថ្មី​ ស្របទៅនឹងគោលនយោបាយ កំណែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺក្នុងន័យឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានស្វ័យភាព ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋបានឆាប់រហ័ស​ និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម អភិបាលខេត្ត ក៏បានលើកបញ្ជាក់ទៀតថា ដោយផ្អែកលើនយោបាយកំណែទម្រង់នេះ ដូច្នេះសូមឲ្យក្រុមការងារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ធ្វើការងារនេះឱ្យបានរួសរាន់ដើម្បីរៀបចំបញ្ជូនទៅ គ.ជ.អ.ប​ ពិនិត្យសម្រេច បាន ទាន់ពេលវេលាតាមសេចក្ដីណែនាំ និងតាមការកំណត់របស់ថ្នាក់ជាតិដែលកំពុងពន្លឿនលើការងារសមាហរណកម្ម បុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលនឹងដំណើរការអនុវត្ត នូវរចនាសម្ព័ន្ធថ្មី ក្នុងខែមករាឆ្នាំ២០២០ ខាងមុខនេះ។

ជាមួយឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានសំណូមពរស្នើឱ្យ នាយករដ្ឋបាលខេត្តធ្វើការផ្សព្វផ្សាយខ្លឹមសារលិខិតលេខ ០៥៥ស.ណ.ន ចុះថ្ងៃទី២៥ ខែធ្នូ​ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃស្ដីពីការធានានិរន្តរ៍ភាពការងាររដ្ឋបាល​ និងការផ្ដល់សេវាក្នុងដំណេីរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង​ ស្រុក​ ខណ្ឌ។