សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានគណកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេសនៃសភាបង់ក្លាដេស


នៅរសៀលថ្ងៃច័ន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Muhammad Faruk Khan ប្រធានគណកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេសនៃសភាបង់ក្លាដេស នៅវិមានសន្តិភាព។

ឯ.ឧ Muhammad បានគោរពពាំនាំនឹងពាក្យផ្តាំផ្ញើរសួរសុខទុក្ខ និងជូនពរសព្វសាធុការពរជូនដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីលោកជំទាវនាយករដ្ឋមន្ត្រី បង់ក្លាដេស ហើយក៏បានគោរពររាយការណ៍ជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តម បានជួបពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយភាគីសភាកម្ពុជា ហើយក្នុងកិច្ចពិភាក្សានេះក៏បានជំរុញនិងពង្រឹងទំនាក់ទំនងរវាងសភានិងសភាទាំងពីរផងដែរ។ ជាងនេះទៅទៀត ឯកឧត្តម ក៏បានគោរពជម្រាបជូនសម្តេចតេជោថា នៅឆ្នាំ ២០២០ នេះកម្ពុជានឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ហើយលោកជំទាវនាយករដ្ឋមន្ត្រី បងក្លាដេស នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានៅពេលនោះ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូន ឯ.ឧ Muhammad ចំពោះការនាំមកនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខនិងជូនពរសព្វសាធុការពរពីលោកជំទាវនាយករដ្ឋមន្ត្រី។ ជាមួយគ្នានោះ សម្ដេចតេជោ បានសម្តែងនូវការរីករាយយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរហើយជាពិសេសការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសបង់ក្លាដេស។ ទន្ទឹមនឹងនោះ សម្ដេចតេជោ បានមានប្រសាសន៍បន្តថា យើងគប្បីណាជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរបស់ប្រទេសទាំងពីរដើម្បីធ្វើយ៉ាងណាឲ្យមានការយល់ដឹងគ្នាកាន់តែខ្លាំងឡើងខ្ពស់ និងទំនាក់ទំនងកាន់តែខ្លាំងឡើងក្នុងន័យស្វែងរកនូវកិច្ចសហប្រតិបត្តិការផ្សេងរួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគនិងពាណិជ្ជកម្មផង។ សម្ដេចតេជោ បានមានប្រសាសន៍ថាកន្លងមកសម្ដេចបានស្វែងយល់អំពីតម្រូវអង្កររបស់ប្រទេសបង់ក្លាដេស ដែលមានបំណងស្វែងរកទិញអង្ករ ពីកម្ពុជាក្នុងនេះ សម្ដេចបានមានប្រសាសន៍ថា គប្បីរកវិធីសាស្ត្រដើម្បីអាចទិញអង្ករពីកម្ពុជាបាននូវតម្លៃដ៏សមស្របមួយ នោះគឺតាមវិធីដែលប្រជាជនឬក៏អ្នកវិនិយោគបង់ក្លាដេស អាចមកវិនិយោគ សង់ឃ្លាំង រោងម៉ាស៊ីនកិនស្រូវ និងប្រមូលទិញស្រូវពីប្រជាជនផ្ទាល់តែម្ដង ដើម្បីធ្វើការកិននាំចេញទៅប្រទេស បង់ក្លាដេស ដែលក្នុងន័យនេះតម្លៃអង្កររបស់កម្ពុជា នឹងអាចមានតម្លៃប្រកួតប្រជែងជាមួយប្រទេសដទៃទៀតផង ។ ក្នុងន័យនេះផងដែរ ប្រទេសបង់ក្លាដេស នឹងទទួលបានសុវត្ថិភាពអង្ករ សុវត្ថិភាពភាពអាហារ ពិសេសជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អថែមទៀតផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសារជាថ្មី ចំពោះ ឯ.ឧ Muhammad និងសូមស្នើ ឯ.ឧ ពាំនាំនូវពាក្យផ្តាំផ្ញើពាក្យជូនពរដល់លោកជំទាវ Sheikh Hasina នាយករដ្ឋមន្ត្រីនៃប្រទេសបង់ក្លាដេសផង៕