អបអរទិវាជ័យជម្នះ ៧មករា! មន្ដ្រីជាន់ខ្ពស់បក្សប្រជាជន ដឹកនាំរៀបចំពិធីនៅស្រុកបុទុមសាគរ ខេត្តកោះកុង


(កោះកុង)៖ ឯកឧត្តម មាស ប៊ុនឡី អនុប្រធានស្ដីទី ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបូទុមសាគរ តំណាងឯកឧត្តម ចៅ ភិរុណ ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកបូទុមសាគរ ខេត្តកោះកុង និងលោក ហាក់ លេង អភិបាលស្រុក និងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកបុទុមសាគរ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដឹកនាំរៀបចំពិធីអបអរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជំនះ ៧ មករា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបុទុមសាគរ ខេត្តកោះកុង។

ឯកឧត្តម មាស ប៊ុនឡី បានលើកឡើងថា ថ្ងៃនេះធ្វើឲ្យយើងទាំងអស់បានជួបជុំគ្នា ក្នុងនាមយើងជាគណបក្សប្រជាជនកម្ពុជា ក្នុងនាមសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ នៃសាខាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីរំលឹកខួបអនុស្សាវរីយ៍៧មករា ដែលជាថ្ងៃមួយ ផ្ដល់កម្លាំង ផ្ដល់សេចក្តីសុខ និងផ្ដល់សុខសន្តិភាព ដល់យើងទាំងអស់គ្នា។

ឯកឧត្តមបានបញ្ជាក់ថា ក្រោយពីបានរំដោះប្រទេសកម្ពុជា ទាំងមូលឃើញថាជីវភាពរបស់ប្រជាពលរដ្ឋ និងជីវភាពរបស់មន្ត្រីរាជការ កាលពីឆ្នាំ១៩៧៩ ឃើញថាក្សត់ខ្សោយយ៉ាងខ្លាំងបំផុត សូម្បីតែទីក្រុងភ្នំពេញទាំងមូល មានមនុស្សតិចបំផុត។ ចាប់ពីពេលនោះ មកជាបន្តបន្ទាប់ដែលក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន, សម្ដេចពោធិ៍សាល ជា ស៊ីម និងសម្ដេចពញាចក្រី ហេង សំរិន និងឥស្សរជនផ្សេងៗទៀត ឃើញថាការវិវត្ត ក្នុងស្ថានភាពអភិវឌ្ឍ និងការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។ មកដល់ឆ្នាំ ២០២០នេះ ប្រទេសជាតិ និងប្រជាជនយើង កាន់តែមានការអភិវឌ្ឍច្រើន និងរីកចម្រើនជាលំដាប់ ទាំងសេរីភាពក្នុងការដើរហើរ និងជីវភាពរស់នៅជាដើម។

ឯកឧត្តម មាស ប៊ុនឡី បានរំលឹកថា កាលដើមឡើយ ឬក្នុងសម័យដែលប្រទេសស្ថិតក្នុងសង្គ្រាម ក្នុងភូមិសាស្ត្រជុំវិញស្រុកបុទុមសាគរនេះ សូម្បីតែផ្លូវរថយន្ត ក៏មិនអាចធ្វើចរាចរណ៍ចុះឡើង មកដល់ដែរភាគច្រើន ប្រជាពលរដ្ឋ មន្ត្រីរាជការ ធ្វើដំណើរតាមមធ្យោបាយផ្សេងៗ តាមផ្លូវទឹក ហើយមានក្រុមកម្លាំងខ្មែរក្រហម លបបាញ់ប្រហារ លបឆ្មក់ គ្រប់ភូមិគ្រប់ទីតាំងដែលមូលដ្ឋានភូមិសាស្ត្រស្រុកមួយនេះ កើតឡើង។

ក្នុងស្ថានភាពពេលនោះ មានតែសម្ដេចតេជោ ហ៊ុន សែន ទេដោយសម្ដេចប្រើជាយុទ្ធសាស្ត្រមួយ ហៅថាយុទ្ធសាស្ត្រឈ្នះ ឈ្នះ យុទ្ធសាស្ត្រត្រីកោណ ពេលនោះយុទ្ធសាស្ត្រត្រីកោណបានជោគជ័យ ដោយបានសម្របសម្រួលបង្រួបបង្រួមកងកម្លាំងខ្មែរក្រហមនៅសំឡូត នៅប៉ៃលិន នៅអន្លង់វែង នៅអូរស្មាច់។ ទាំងនេះហើយជានយោបាយឈ្នះឈ្នះរបស់សម្ដេច ដែលធ្វើឲ្យប្រទេសជាតិ និងយើងទាំងអស់គ្នាបង្រួបបង្រួមជាតិ មានសុខសន្តិភាពឡើងវិញ កម្លាំងខ្មែរក្រហម និងកម្លាំងពាក់ព័ន្ធ បានដាក់អាវុធជាបន្តបន្ទាប់។

ឯកឧត្តមបន្ថែមថា មកដល់ពេលនេះ យើងទាំងអស់គ្នា រស់រៀនមានជីវិត មានផ្ទះសម្បែង មានដីធ្លី ជារបស់ផ្ទាល់ខ្លួនម្នាក់ៗ មានសេរីភាពពេញលេញ ទាំងនេះដោយសារមានសន្តិភាព។ ដូច្នេះយើងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព ហើយសន្តិភាពដែលនាំឲ្យយើង និងប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ឈានឡើងទៅមុខជាលំដាប់ លើគ្រប់វិស័យ។

គួរបញ្ជាក់ដែរថា នៅរសៀលថ្ងៃនេះដដែល ក្រុមការងារដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមូលដ្ឋានសាលាឃុំនីមួយៗ នៃស្រុកបូទុមសាគរ និងចាត់តាំងកម្មវិធីសប្បាយសប្បាយ ដោយហូបនំបញ្ចុកសាមគ្គី និងមានវង់តន្ត្រីសម្រាប់រាំកម្សាន្ដលេងផងដែរ៕