សម្តេចប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូសភា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ នៃ​វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសអូស្រា្តលី នាសប្តាហ៍ក្រោយ


សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា(APPF) នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដែលកិច្ចប្រជុំ​នឹងប្រព្រឹត្ដទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើយោង​តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

ក្នុងសេចក្ដីជូនដំណឹងបានគូសបញ្ជាក់ថា ការអញ្ជើញចូលរួមកិច្ចប្រជុំAPPF របស់​សម្តេចប្រធានរដ្ឋសភានាឱកាសនេះ តបតាមការអញ្ជើញរបស់ប្រធានស្ថាប័ននីតិប្បញ្ញត្តិ​ប្រទេស​អូស្រ្តាលី។ ​ទន្ទឹមនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញឡើង​ថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ ក្នុងនាមសម្តេចធ្លាប់ជាប្រធាន APPF លើកទី២៧ កាលពីដើមឆ្នាំ២០១៩ នៅពេលដែលសភាប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧។ ជាមួយគ្នានេះ សម្តេចក៏នឹងអញ្ជើញឡើងថ្លែងបទ​អន្តរាគមន៍ចែករំលែក​បទពិសោធន៍ពីការដឹកនាំ និងការរៀបចំកិច្ចប្រជុំ APPF លើកទី២៧ នៅក្នុងកិច្ចប្រជុំ​គណៈកម្មាធិការប្រតិបត្តិ ផងដែរ។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើមបង្កើត​ឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មាន​គោល​បំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយ​បញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់​និងសកល​លោក។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក មានសមាជិក ២៧ប្រទេស មានប្រទេសអូស្រា្តលី, ព្រះរាជាណាចក្រកម្ពុជា, ចិន, ប្រទេសជប៉ុន, សាធារណរដ្ឋកូរ៉េ, ម៉ុងហ្គោលី, សហព័ន្ធរុស្ស៊ី, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ, វៀតណាម, ហ្វ៊ីជី, ម៉េក្រុនេស៊ី, ណូវែលសេឡង់, ប៉ាពូញូហ្គីនៀ, ប្រជុំកោះម៉ារសល, កាណាដា, ឈីលី, កូឡំប៊ី, ម៉ិកស៊ីកូ, ប៉េរ៉ូ, សហរដ្ឋអាមេរិក, អេក្វាឌ័រ និង កូស្តារីកា។

សូមបញ្ជាក់ថា សភានៃព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកនៅក្នុងឆ្នាំ១៩៩៥ និងបានធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៧ កាលពីខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំ ក្នុងប្រទេសអូស្រ្តាលីនេះ សម្តេច​ប្រធានរដ្ឋសភា គ្រោងជួបពិភាក្សាការងារទ្វេភាគី ជាមួយសមភាគីប្រធានរដ្ឋសភាប្រទេស​​អូស្រា្តលី និងទទួលជូបសវនាការជាមួយថ្នាក់ដឹកនាំសភាប្រទេសជាមិត្តមួយចំនូនទៀត ក្នុង​ការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការវិស័យការទូតសភាកម្ពុជា នៅលើឆាក​អន្តរជាតិទំាងក្របខ័ណ្ឌពហុភាគីនិងទ្វេភាគី។ ចំណែកសមាជិកគណៈ​ប្រតិភូដទៃទៀត​​នឹងចូលរួមកិច្ចប្រជុំ តាមគណៈកម្មាធិការជាច្រើនរបស់ APPF ដែលមានដូចជា គណៈកម្មាធិ​ការនយោបាយនិងសន្តិសុខ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសមាជិកសភាស្រ្តី និងគណៈកម្មាធិការប្រកាសរួម គណៈកម្មាធិការសហប្រតិបត្តិការតំបន់ ជាដើម៕