ឯកឧត្តម ចាន់​ យុត្ថា​ បាន​ចុះ​ពិនិត្យ​ និង​អន្តរាគមន៍​បូមទឹក​សង្រ្គោះ​ស្រូវ​ប្រាំង​ក្នុង​ខេត្ត​បន្ទាយមានជ័យ


រសៀលថ្ងៃពុធ​ ១៤កេីត​ ខែ​បុស្ស​ ឆ្នាំកុរ​ ឯក​ស័ក​ ព.ស ២៥៦៣​ ត្រូវនឹងថ្ងៃទី​០៨​ ខែ​មករា​ ឆ្នាំ​២០២០​ ឯកឧត្តម ចាន់​ យុត្ថា​ រដ្ឋលេខាធិការក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ និង​ជា​ប្រធាន​មុខ​ព្រួញ​ខេត្ត​បាត់ដំបង​ ខេត្តបន្ទាយ​មានជ័យ​ និង​ខេត្តឧត្តរមានជ័យ​ បាន​ចុះ​ពិនិត្យ​ និង​អន្តរាគមន៍​បូមទឹក​សង្រ្គោះ​ស្រូវ​ប្រាំង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ ។ ឯក​ឧត្ដម​រដ្ឋលេខាធិការ​ បានឲ្យដឹងថា យោងតាមការពិនិត្យជាក់ស្ដែង ប្រភពទឹកនៅស្ទឹងមង្គលបូរី អាចធានាការប្រើប្រាស់បានតែក្នុងរយៈពេល ០៣ ថ្ងៃទៀតប៉ុណ្ណោះ ។ នេះ គឺដោយហេតុថា ស្រុកមង្គលបុរី មានការដាំដុះស្រូវប្រាំងរហូតដល់ទៅជិត ៨ មុឺនហិកតា ( ផែនការខេត្ត ៧ ពាន់ហិកតា ) ក្នុងនោះមានការដាំដុះស្រូវប្រាំងលើកទី ១ ជាង ៥ មុឺនហិកតា និងស្រូវប្រាំងលើកទី ២ ជាង ២ មុឺនហិកតា ។

ចំពោះមុខបញ្ហានេះ ឯកឧត្តមរដ្ឋលេខាធិការបានដឹកនាំក្រុមការងារ បង្វែរទឹកពីប្រភពផ្សេងមកកាន់ស្រុក ដោយដំឡើងស្ថានីយបូមទឹកចេញពីស្ទឹងសិរីសោភណ្ឌ ទម្លាក់ចូលប្រឡាយមេ ឲ្យហូរចូលទៅក្នុងស្ទឹងមង្គលបុរី ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់អាជ្ញាធរស្រុក ឃុំ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សូមកុំធ្វើការដាំដុះស្រូវប្រាំងបន្ថែមទៀត ព្រោះទឹកដែលបង្វែរទៅនេះ គឺអាចឆ្លើយតបតែទៅលើការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ ក្នុងការប្រើប្រាស់ទៀតសោត ក៏ត្រូវចូលរួមសន្សំសំចៃ ព្រោះរដូវ​ប្រាំង នៅសល់រយៈពេលវែងទៀត ៕