ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០១៩ មានការកើនឡើងប្រមាណ១៩% បើធៀបទៅនឹងឆ្នាំ២០១៨


រយៈពេលជាង ២ឆ្នាំមកហើយ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ជូនដល់បងប្អូនកម្មការិនីជាស្រ្តីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលជាសមាជិក ប.ស.ស. ។ នេះគឺជាការផ្តល់ជូនកាដូដ៏វិសេសវិសាលបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសបងប្អូនកម្មការិនីជាស្រ្តីសម្រាលកូន ដើម្បីឆ្លើយតបទៅនឹងជីវភាពរបស់បងប្អូនកម្មករនិយោជិត ដែលខ្វះខាតក្នុងអំឡុងពេលសម្រាលកូន និងជាគោលនយោបាយជាតិគាំពារសង្គម ក្នុងការលើកកម្ពស់សេវាគាំពារសង្គម និងការលើកកម្ពស់កំណើនប្រជាជនកម្ពុជា ព្រមទាំងរួមចំណែកក្នុងការដោះស្រាយនូវទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត។

យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សរុបប្រមាណជាង ៥៧ពាន់លានរៀល ដល់កម្មការិនីជាសមាជិក ប.ស.ស. សម្រាលកូនចំនួន ១៤២៥០៣ នាក់ ដែលមានចំនួនកូនសរុបចំនួន ១៤៣៥០០នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរមានចំនួន ៩៧៩នាក់ និងកូនភ្លោះបី មានចំនួន ០៩នាក់) ។

គិតតែក្នុងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសរុបប្រមាណជាង ៣១ពាន់លានរៀល ត្រូវបានបើកផ្តល់ជូនដល់កម្មការិនីសម្រាលកូនតាមរយៈ ប.ស.ស. ហើយមានការកើនឡើងរហូតដល់ទៅ ១៩% ធៀបទៅនឹងឆ្នាំ២០១៨ ។ នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាសេនាធិការផ្ទាល់ ។

គួររំលឹកផងដែរថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ កន្លងមក គ្រប់កម្មការិនីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់នឹងទទួលបានគោលរបបប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដែលក្នុងនោះរួមមាន ៖

– សម្រាលបានកូនមួយ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល

– សម្រាលបានកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល

– សម្រាលបានកូនភ្លោះបី ទទួលបានប្រាក់ឧបត្ថម្ភ ១២០ម៉ឺនរៀល ហើយអ្វីដែលគួរឱ្យត្រេកអរបំផុត កូនភ្លោះទាំងបីជាកូនរបស់សម្តេចតេជោ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ចំនួន ៥លានរៀល ៕