មន្រ្តីជាន់ខ្ពស់សង្គមកិច្ច៖ កម្ពុជាសម្រេចបានសមិទ្ធផលជាច្រើន លើការការពារកុមារពីអំពើហិង្សា និងការរំលោភបំពានគ្រប់ទម្រង់


ប្រទេសកម្ពុជាសម្រេចបានសមិទ្ធផលជាច្រើន ក្នុងកិច្ចខិតខំប្រឹងប្រែងរការពារកុមារពីអំពើហិង្សា និងការរំលោភបំពានគ្រប់ទម្រង់។ ទោះបីជាប្រទេសកម្ពុជា សម្រេចបានសមិទ្ធផលល្អយ៉ាងណាក្តីក៏កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួន ដូចជាការពង្រឹងយន្តការអនុវត្តប្រព័ន្ធកិច្ចការពារកុមារ ការកសាងសមត្ថភាព និងធនធានហិរញ្ញវត្ថុ ចាំបាច់សម្រាប់បង្កើន ប្រសិទ្ធភាពនៃការពារកុមារ។ នេះជាការលើកឡើងរបស់ ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រវិស័យកិច្ចការពារកុមារ រៀបចំធ្វើនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ នាសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។

បន្ថែមពីលើនេះឯកឧត្តម នឹម ថូត បានឲ្យដឹងថា ដើម្បីដោះស្រាយអំពើហិង្សា ការរើសអើង និងការរំលោភបំពានកុមារគ្រប់រូបភាព ស្របទៅតាមបទដ្ឋានជាតិ ដែលមាន និងកំពុងដាក់ឱ្យអនុវត្តជាធរមាន រួមទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពី សិទ្ធិកុមារ ឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរនោះ ទាមទារឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងដៃគូពាក់ព័ន្ធ ទាំងអស់។

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រវិស័យកិច្ចការពារកុមារ នាថ្ងៃនេះ រៀបចំឡើងដោយមានកិច្ចសហការ រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយក្រសួងមហាផ្ទៃ និងមានការឧបត្ថម្ភគាំទ្រដោយមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) ក្នុងគោលបំណងដើម្បីប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធដើម្បីកសាងផែនការយុទ្ធសាស្ត្រវិស័យ កិច្ចការពារកុមារ ដែលមានលក្ខណៈជួយបំពេញបន្ថែមនូវគុណតម្លៃរបស់ផែនការ តាមវិស័យនានា តាមរយៈការប្រមូលផ្តុំរាល់អាទិភាពសំខាន់ៗចូលក្នុងផែនការរួមមួយហើយបញ្ចូលធាតុផ្សំសំខាន់ៗ ពីផែនការតាមវិស័យ និងពង្រឹងការបំពេញការងារតាមរយៈការបង្កើនសង្គតភាព និងការបំពេញឱ្យគ្នាទៅវិញទៅមកនៃកិច្ចអន្តរាគមន៍ ដើម្បីគាំទ្រដល់ក្របខ័ណ្ឌការងាររួមស្តីពីកិច្ចការពារកុមារ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ និងបានយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ គឺធ្វើយ៉ាងណាប្រែកាយឋានៈរបស់កម្ពុជា ឱ្យទៅជា ប្រទេសមាកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ដូច្នេះ ការអភិវឌ្ឍប្រពន្ធ គាំពារសង្គម គឺជាការកសាងគាំពារសង្គមប្រកបដោយបរិយាប័ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សកាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ច។ គោលនយោបាយនេះ នឹងធ្វើឱ្យមាន
ប្រព័ន្ធសុវត្ថិភាពសង្គម និងជំនួយសង្គមកាន់តែខ្លាំង ក្នុងការជួយដល់ជនក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ គ្រប់ប្រភេទក្នុងសង្គម ជាពិសេសកុមារកំព្រា និងជនងាយរងគ្រោះ ជនចាស់ជរា ជនពិការ អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជនជាដើម៕