សម្ពោធឆ្លងសមិទ្ធិផលថ្មី ប្រាសាទព្រះនរាយន៍តម្លៃជាង ១៥ម៉ឺនដុល្លារ ទុកឲ្យអ្នកជំនាន់ក្រោយស្គាល់ពីសម្បត្តិវប្បធម៌ដ៏សម្បូរបែប នៃខេត្តកំពង់ស្ពឺ


(កំពង់ស្ពឺ)៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឆ្លងប្រាសាទព្រះនរាយ៍ (លោកតាធម្មរាជ) ដែលមានតម្លៃជាង ១៥ម៉ឺនដុល្លារ ស្ថិតនៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ, ឯកឧត្តម យឹមសុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទជាច្រើននាក់ផងដែរ។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ថ្ងៃនេះរដ្ឋបាលកំពង់ស្ពឺ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាថ្មីម្តងទៀតនូវប្រាសាទលោកតារាជ ដោយសំណង់នេះ គឺជាអំណោយឧបត្ថម្ភដោយព្រះតេជគុណ តបសីលោ ហៀក ឡឹង ព្រះចៅអធិការវត្តពោធិសត្វគីរីរម្យ អស់ទឹកប្រាក់ចំនួន ១៥ម៉ឺនដុល្លារ។

ឯកឧត្តម ថា «នេះគឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលបានចូលរួមឧបត្ថម្ភពីសប្បុរសជននានា ដែលមានការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា»