លោកជំទាវ ឃួន សុដារី៖ អរគុណសន្តិភាព ! អរគុណប្រជាពលរដ្ឋទាំងអស់ដែលបានរួមគ្នាទប់ស្កាត់ឧបាយកលទុច្ចរិកប៉ុនប៉ងនានា និងបានថែរក្សាការពារសន្តិភាព សុវត្ថិភាពបានយ៉ាងល្អខ្ជាប់ខ្ជួន


(កណ្តាល)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានលើកឡើងពីដំណើរការសន្តិភាវូបនីយកម្ម តាមរយៈការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុង នូវសង្គ្រាមស៊ីវិលរាំរ៉ៃ បង្កើតបានសុខសន្តិភាព នៅទូទាំងផ្ទៃប្រទេស ឈានឆ្ពោះទៅរកភាពរីកចម្រើន និងអភិវឌ្ឍន៍ ហើយក៏បានអរគុណសន្តិភាព ដែលប្រជាជាតិកម្ពុជា កំពុងតែទទួលបានជាមួយនឹងភាពសប្បាយរីករាយនាពេលនេះ។

ជាមួយនឹងតម្លៃសន្តិភាពដ៏មានតម្លៃពុំអាចកាត់ថ្លៃនេះបាន លោកជំទាវក៏បានសម្តែងនូវអំណរទៅដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសពលរដ្ឋក្នុងគ្រប់ភូមិ ឃុំ ក្នុងស្រុកលើកដែក ខេត្តកណ្តាល ដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ការទប់ស្កាត់នូវឧបាយកលទុច្ចរិកនានាដែលប៉ុនប៉ងបង្កភាពចលាចល អសុវត្ថិភាព ហើយបានរួមគ្នាការពារថែរក្សាសុខសន្តិភាព សុវត្ថិភាព បានយ៉ាងល្អខ្ជាប់ខ្ជួន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពេលដែលប្រជាពលរដ្ឋ រួមទាំងក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណ ៦០០នាក់ ចូលរួមមីទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជំនះ ៧មករា (៧មករា ១៩៧៩ – ៧មករា ២០២០) ដែលដឹកនាំដោយ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី សមាជិកាគណៈអចិន្រៃ្តយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី ១ គណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅស្រុកលើកដែក ខេត្តកណ្តាល។

នៅក្នុងពិធីនេះ លោកជំទាវ ឃួន សុដារី បានអានសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកបដោយខ្លឹមសារ និងអត្ថន័យ ដែលបានផ្តោតនូវសារៈ សំខាន់នៃថ្ងៃគម្រប់ខួបទី៤១ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ ដែលសបញ្ជាក់ពីសកម្មភាពតស៊ូក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ដោយបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់ ប៉ុល ពត ។ អត្ថន័យដ៏ជ្រាលជ្រៅក្នុងសារលិខិតនោះក៏បានបញ្ជាក់ពីការសង្គ្រោះជាតិកម្ពុជា និងប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះបានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម រហូតដល់ទទួលបានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យមកទល់បច្ចុប្បន្ន។

ទន្ទឹមនឹងនេះដែរ លោកជំទាវក៏បានបញ្ជាក់ជូនដោយសង្ខេបពីសភាពការណ៍ពិភពលោកក្នុងពេលបច្ចុប្បន្ន ដែលមានភាពស្មុគស្មាញ និងកំពុងវិវត្តប្រប្រួលយ៉ាងឆាប់រហ័ស ព្រមទាំងមិនអាចទាយទុកមុនបាន។ ដោយឡែកសភាពការណ៍ក្នុងប្រទេសក្នុងឆ្នាំ ២០១៩ បានប្រព្រឹត្តទៅជាប្រក្រតី បើទោះបីជាមានរឿងហេតុមួយចំនួនប៉ុនប៉ងធ្វើអោយមានអសនិ្តសុខសង្គមនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៩។

ផ្ទុយទៅវិញ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិព្រឹទ្ធបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្មកម្ពុជា និងជានាយករដ្ឋមន្រ្តី ប្រជាជនកម្ពុជានៅគ្រប់ទិសទីបានជួបជុំគ្នាហូបអំបុកសន្តិភាពនៅថ្ងៃនោះប្រកបដោយភាពរីករាយក្រៃលែង ដែលនេះសរបញ្ជាក់ពីសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីធ្វើការទប់ស្កាត់នៅការញុះញ៉ង់ពីសំណាក់ជនអគតិ ដែលបានប្រព្រឹត្តខុសច្បាប់។ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានគូសបញ្ជាក់ពីសភាពការណ៍កាលពីកំឡុងពេលបោះឆ្នោតសកលឆ្នាំ ២០១៣ ដែលពេលនោះសភាពការណ៍មានភាពតានតឹងដោយសារតែឧបាយកលដ៏ខ្មៅងងឹតរបស់អតីតមេដឹកនាំបក្សប្រឆាំង ដោយបានព្យាយាមអូសទាញសន្តិភាពដែលកម្ពុជារកបានដោយលំបាក ឲ្យធ្លាក់ទៅក្នុងភាពវឹកវរ និងមានចរិកជាបដិវត្តន៍។ លោកជំទាវបានបន្ថែមថា សន្តិភាពដែលយើងមានពេលនេះគឺមិនសាមញ្ញពេកទេ ដោយហេតុថាភាពវឹកវរ ចលាចល ឬសង្រ្គាម អាចកើតឡើងបានគ្រប់ពេលវេលា បើសិនជាការដឹកនាំផ្នែកនយោបាយធ្វើអោយមានកំហុស។ ជាក់ស្តែង លោកជំទាវ ឃួន សុដារី បានលើកឡើងថា បើតាមការពិនិត្យឃើញដោយការចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋផ្ទាល់គ្រប់កាលៈទេសៈ ឃើញថាប្រជាពលរដ្ឋគ្រប់ស្រទាប់មានទឹកចិត្តស្រលាញ់គណបក្សប្រជាជនកម្ពុជា និងចូលរួមយ៉ាងសស្រាក់សស្រាំរាល់ទុក្ខលំបាក និងភាពសប្បាយរីករាយនានា។

ជាមួយនឹងបរិយាកាសដ៏រីករាយបែបនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរក្សានូវប្រពៃណី សាមគ្គីភាព ឯកភាពជា ក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយភ្លាមនោះទាំងអស់គ្នាក៏បានស្រែកជ័យឃោសបន្លឺនូវងស្រលាញ់ និងការពារសន្តិភាព»។

ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានឧបត្ថម្ភនូវថវិកា ជូនទៅដល់សមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកដែក ដែលបានចូលរូមក្នុងម្នាក់ៗទទួលបានថវិកាមួយចំនួន និងបានប្រគល់ទ័យទានជូនដល់ព្រះសង្ឃ ក្នុងស្រុកលើកដែក ខេត្តកណ្តាល៕