អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ទិវា​ជ័យ​ជំនះ ៧​មករា


ខេត្ត​កំពង់​ចាម៖ ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​ពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ទិវា​ជ័យ​ជំនះ ៧​មករា ១៩៧៩-៧​ មករា ២០២០ ​ដែល​ជា​ទិវា​ប្រវត្តិសាស្ត្រ ​​បន្ទាប់​ពី​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​របស់​បន ប៉ុល ពត ជាតិ​ត្រូវ​បាន​សង្គ្រោះ និង​ប្រជាជន​កម្ពុជា​មាន​ជីវិត​រស់​ឡើង​វិញ រួច​ផុត​ពី​ការ​សម្លាប់​រង្គាល​នៃ​របប​ដ៏​សាហាវ​យង់​ឃ្នង​បំផុត​។​

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុង​ឱកាស​នោះ​ឯកឧត្ដម​បាន​មាន​ប្រសាសន៍​ថា​ផ្ដាំ​ផ្ញើ​ប្អូន​ៗ​សិស្សានុសិស្ស ត្រូវ​ចងចាំ​ប្រវត្តិសាស្ត្រ ប្រសិន​បើ​ក្មួយ​ៗ​មិន​ចងចាំ គ្មាន​ការ​បង្ការ កំហុស​ក្នុង​ប្រវត្តិសាស្ត្រ​អាច​​នឹង​កើត​ឡើង​វិញ​ជា​មិនខាន​។ សូម​ជម្រាប​ថា កម្មវិធី​នេះ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ មន្ត្រីរាជការ លោក​គ្រូ អ្នក​គ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ក្នុង​ស្រុក​កង​មាស ខេត្ត​កំពង់​ចាម៕

០៩ មករា ២០២០ | ស្រុក​កង​មាស ខេត្ត​កំពង់​ចាម