រដ្ឋមន្រ្តីក្រសួងបរិស្ថាន បើកកិច្ចប្រជុំជាមួយតំណាងអង្គការសង្គមស៊ីវិល


នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួប ប្រជុំជាមួយតំណាងអង្គការសង្គមស៊ីវិលចំនួន ១៨ ដែលសម្របសម្រួលដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារបរិស្ថាន និងការការពារ និងការអភិរក្សធនធានធម្មជាតិ។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់តំណាងអង្គការសង្គមស៊ីវិល ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យអង្គការដៃគូទាំងអស់ពិនិត្យ និងកែសម្រួល នូវឥរិយាបទ និងសកម្មភាពជាក់ស្តែងពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើកិច្ចការដ៏សំខាន់នេះ ដើម្បីឆ្លុះបញ្ចាំងនូវការអនុវត្តតាមស្មារតីនៃវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ និងសារាចរណែនាំលេខ ០៥ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។ ឯកឧត្តមបានបញ្ជាក់នូវវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចរបស់វេទិកាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ មានជាអាទិ៍ ១) ការបង្កើនការងារល្បាតរួមគ្នាជាមួយកម្លាំងសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិ ២)ការជួបប្រជុំពិភាក្សានិងដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ និងទំនាស់ដីធ្លីនៅតាមបណ្តាខេត្ត ៣) ការជ្រើសរើសមន្ត្រីឧទ្យានុរក្សចំនួន ៣០០នាក់បន្ថែម ៤) ការរៀបចំអនុវត្តគម្រោងជួយលើកកម្ពស់ជីវភាពសហគមន៍សាកល្បងដោយប្រើប្រាស់ថវិកាជាតិ ៥)ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីឧទ្យានុរក្ស ដើម្បីបង្កើនប្រសិទ្ធភាពល្បាត និងការអនុវត្តច្បាប់ និង ៦) ការរៀបចំបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ គ្របដណ្តប់លើផ្ទៃដីប្រមាណ ១,៤ លានហិកតា ដែលនឹងធ្វើឱ្យវិសាលភាពនៃ ប្រព័ន្ធតំបន់ការពារធម្មជាតិទាំងមូលកើនឡើងរហូតដល់ប្រមាណជាង ៧,៣លានហិកតា។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានទទួលយកនូវសំណូមពរសម្រាប់បន្តកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០១៧ ហើយបានស្នើឱ្យអង្គការដៃគូនីមួយៗគិតគូផែនការការងារ ក៏ដូចជាលើកឡើងនូវបញ្ហាឱ្យបានច្បាស់លាស់ ដើម្បីរួមគ្នាអនុវត្ត និងដោះស្រាយឱ្យមានប្រសិទ្ធភាព។ ដើម្បីជាដំណោះស្រាយរយៈពេលយូរអង្វែងសម្រាប់សហគមន៍មូលដ្ឋាន ក៏ដូចជាសង្គមជាតិទាំងមូល ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យអង្គការដៃគូទាំងអស់ពិចាររណារកែរប្រែជំនួយអន្តរាគមន៍នានា ពីកម្រិតសហគ្រាសសង្គម ទៅជាសហគ្រាសសេដ្ឋកិច្ច៕