ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នាំថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារដែលមានសមាជិកស្លាប់ និងរបួសដោយសារបាក់រលំអគារនៅខេត្តកែប


(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរក្រុម ការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ស្រុកមង្គលបុរីនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខគ្រួសារសពប្រជាពលរដ្ឋ ដែលបានស្លាប់ចំនួន ០៤នាក់ នៅក្នុងហេតុការណ៍បាក់រលំអគារ ៧ជាន់នៅខេត្តកែប កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងមក នៅភូមិដងក្រាង ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នៅក្នុងពិធីនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំការចូលរួមរំលែកទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ក្រុមគ្រួសារដែលបាន បាត់បង់សមាជិកជាទីស្រឡាញ់ និងបានលើកឡើងវត្តមានដ៏សំខាន់ចាំបាច់របស់សម្តេចតេជោ ហ៊ុន សែន ដែលនៅកៀកជាប្រចាំ និងដោះស្រាយបញ្ហាភ្លាមៗជូនពលរដ្ឋគ្រប់ពេលវេលា។ នាយឧត្តមសេនីយ៍ កែ គឹមយ៉ានថា «សេចក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ» និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់អ្នក ដែលបានស្លាប់បាត់បង់ជីវិត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងពិធីដ៏សោកសៅនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកបច្ច័យចូលបុណ្យសព ក្នុងនោះមានបច័្ចយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនក្រុមគ្រួសារចំនួន២ ដែលមានសមាជិកគ្រួសារបានស្លាប់ និងរបួសសរុបចំនួន ៩នាក់។ អ្នកស្លាប់៤នាក់ សពមួយៗ ទទួលបានបច្ច័យ១លានរៀល ដើម្បីចាត់ចែងពិធីបុណ្យសព និងអ្នករងរបួសចំនួន ៥នាក់ ម្នាក់ៗទទួលបានថវិកា ៥០ម៉ឺនរៀល និងប្រជាពលរដ្ឋចូលរួម ១៥០នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ ថវិកា១ម៉ឺនរៀលផងដែរ។

បន្ទាប់ពីចូលរួមមរណទុក្ខដ៏សែនក្រៀមក្រំរួចមក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងក្រុមការងារ បានបន្តដំណើរទៅពិនិត្យមើលស្ថានភាពទឹក នៅស្ទឹងមង្គលបុរី និងស្ទឹងសិរីសោភ័ណ ដើម្បីប្រុងជើងការដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋនារដូវប្រាំងនេះបានទាន់ពេលវេលា៕