មន្ត្រី CPP ចុះជួយឃុំដើមឬស ស្រុកកណ្តាលស្ទឹង៖ បើគ្មាន៧មករា គឺគ្មានអ្វីៗទាំងអស់ ហើយ៧មករា ជាមាតាទី២របស់យើង


(កណ្ដាល)៖ ក្នុងនាមឯកឧត្តមបណ្ឌិត ដួង ហេង ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍ថ្នាក់កណ្តាលចុះជួយ ឃុំដើមឬស, ឯកឧត្តម នួន ណារិន្ទ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានលើកឡើងថា គ្មានថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ គឺគ្មានអ្វីៗទាំងអស់ ហើយ ៧មករា គឺជាថ្ងៃកំណើតទី២របស់យើងគ្រប់គ្នា។

ការលើកឡើងរបស់ឯកឧត្តម នួន ណារិន្ទ បានធ្វើឡើងនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជាអធិបតីតំណាងឯកឧត្តម ដួង ហេង រៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២០) នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្តម នួន ណារិន្ទ បានបញ្ជាក់ថា ថ្ងៃនេះឃុំដើមឬស មានកិត្តិយសដ៏ឧត្តុង្គឧត្តម បានប្រារព្ធមីទ្ទិញអបអរសាទរទិវា គម្រប់ខួបលើកទី៤១ នៃមហាជ័យជំនះ ជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧ មករា ១៩៧៩។ ចាប់ពីពេលនោះមករដ្ឋាភិបាល និងប្រជាជនកម្ពុជា ដៃម្ខាងទប់ស្កាត់មិនឲ្យរបបដ៏យ៉ងឃ្នងនេះ វិលត្រឡប់មកវិញ ហើយដៃម្ខាងទៀត ខិតខំស្ដារ និងកសាងសេដ្ឋកិច្ចសង្គមឡើងវិញ ចាប់ពីចំណុចសូន្យ រហូតមានការអភិវឌ្ឍដ៏ខ្លាំងក្លាដូចបច្ចុប្បន្ន និងបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាព ប្រជាធិបតេយ្យ កិត្តិយស និងសេចក្តីថ្លៃថ្នូរ។ ទាំងអស់នេះ គឺជាសច្ចភាពនៃសង្គមរបស់យើង ដែលមិនមានអ្នកណាម្នាក់បដិសេដថាបានឡើយ។

ឯកឧត្តមបានបន្តថា ទោះបីរយៈពេលជាង៤០ឆ្នាំ បានកន្លងផុតទៅហើយក្តី ក៏ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នៅតែមានអត្ថន័យយ៉ាងសំខាន់ និងធំធេងសម្រាប់ ប្រជាជាតិខ្មែរគ្រប់ជំនាន់តរៀងទៅ ក៏ដូចមនុស្សជាតិដែលស្នេហា សន្តិភាព និងយុត្តិធម៌ទាំងអស់លើពិភពលោក។ យើងទាំងអស់គ្នា នៅតែគោរពដឹងគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះវីរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិទាំងអស់ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន ដើម្បីរំដោះជាតិមាតុភូមិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ដោយមានការជួយឧបត្ថម្ភដ៏ធំធេងពីប្រជាជន នៃបណ្តាប្រទេសជិតឆ្ងាយលើសកលលោកដែលស្រឡាញ់យុត្តិធម៌។

អនុប្រធានក្រុមការរងាររូបនេះ បានបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែម្ចាស់ការ និងជ្រោងទង់នៃការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី ដឹកនាំ និងគ្រប់គ្រងប្រទេសប្រកបដោយថាមពល តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បង្កើតបាននូវ សន្តិភាពពេញផ្ទៃប្រទេស ផ្តល់ឱកាសដ៏ប្រសើរសម្រាប់ដំណើរការអភិវឌ្ឍជាតិ បន្តបោះជំហានទៅមុខដោយក្តីសង្ឃឹម និងមិនអាចមានកម្លាំងអនុភាព អាក្រក់ណាមួយមករារាំងចំពោះការរីកចម្រើនរបស់កម្ពុជាបានឡើយ។

លើសពីនេះ ឯកឧត្តមក៏បានអរគុណសន្តិភាព ដែលធ្វើប្រជាជនយើងរស់នៅប្រកបដោយសុខុមរមនា និងសម្បូរសប្បាយ ហើយមានគណបក្សប្រជាជនកម្ពុជា ទើបមានសន្តិភាព ដែលសន្តិភាព គឺជារបស់យើងទាំងអស់គ្នា យើងត្រូវតែថែរក្សាការពារឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តម នួន ណារិន្ទ បញ្ជាក់ថា ការប្រារព្ធខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា ជារៀងរាល់ឆ្នាំនេះ គឺជាសក្ខីភាពនៃការដឹកនាំរបស់គណបក្សប្រជាជន និងការចងចាំគុណូបការៈរបស់ប្រជាជនយើងចំពោះថ្ងៃ៧ មករា ដែលយើងតែងតែនិយាយថា គ្មាន ៧មករា គឺគ្មានអ្វីៗទាំងអស់, ៧មករា ជាមាតាទី២របស់យើង។

នៅក្នុងឱកាសនេះ ឯកឧត្តមក្នុងនាម ឯកឧត្តមបណ្ឌិត ដួងហេង បាននាំយកថវិកាចែកជូនដល់សមាជិក សមាជិកា និងលោកគ្រូ អ្នកគ្រូដែលបានចូលរួម ចំនួន៤៣៨នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា២ម៉ឺនរៀល, ឧបត្ថម្ភក្រុមប្រឹក្សា ឃុំ១លានរៀល, សមាគមមនុស្សចាស់១លានរៀល, មណ្ឌលសុខភាព ឃុំ១លានរៀល សរុបសម្រាប់ចំណាយផ្សេងៗ ទៀតអស់ជាង១៧លានរៀល៕