អង្គការយូនីសែហ្វ មានបើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បឋម នៃការវាយតម្លៃការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម


រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការយូនីសែហ្វ មានបើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បឋម នៃការវាយតម្លៃការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កិច្ចប្រជុំត្រូវបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និងដោយមានការចូលរួមពីតំណាងអង្គការ យូនីសែហ្វ ព្រមទាំងតំណាងប្រតិបត្តិករដែលជាសមាជិកនៃក្រុមការងារវាយតំលៃការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីត្រួតពិនិត្យសេចក្តីព្រាងរបាយការណ៍បឋមដែលរៀបចំដោយលោក Robert Keeley ទីប្រឹក្សាឯករាជ្យ ដើម្បីធានាថាការវាយតម្លៃនេះដំណើរការទៅស្របតាមទិសដៅនិងផែនការដែលបានគ្រោងទុក និងឈានទៅទទួលបានអនុសាសន៍ដែលឆ្លុះបញ្ចាំងអំពីបរិបទនាពេលបច្ចុប្បន្ន ចូលរួមលើកកម្ពស់ប្រសិទ្ធិភាពការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគាំទ្រដល់ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥។