ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ផ្ដល់អនុសាសន៍ដល់ ប.ស.ស ៥ចំណុច ដើម្បីវឌ្ឍនភាពនិងប្រសិទ្ធភាពបន្តទៀត


(ភ្នំពេញ)៖ នាពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារតារាអ៊ែរផត ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់អនុសាសន៍ដល់បេឡាជាតិរបបសន្តិសង្គម (ប.ស.ស) ចំនួន៥ចំណុច ដើម្បីបង្កើនវឌ្ឍនភាព និងប្រសិទ្ធភាពឱ្យកាន់ខ្លាំងក្លាបន្តទៀត។

អនុសាសន៍ទាំងនោះ រួមមាន៖

១. ពង្រឹងការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ៖
* រៀបចំពិនិត្យកែសម្រួលបទដ្ឋានគតិយុត្តមួយចំនួនឱ្យស្របទៅនឹងវិសាលភាពច្បាប់ថ្មី
* សម្របសម្រួលដោះស្រាយបញ្ហាប្រឈមដែលកើតមានឱ្យបានទាន់ពេលវេលា
* សហការរៀបចំផ្សព្វផ្សាយអំពីការពង្រឹងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ
* បន្តផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម ពិសេសគឺការអប់រំអំពីវិធានការទប់ស្កាត់ហានិភ័យការងារ រួមមាន៖ ការការពារគ្រោះថ្នាក់ក្នុងកន្លែងការងារ ការការពារសុវត្ថិភាពក្នុងពេលធ្វើដំណើរ និងការការពារសុវត្ថិភាពដទៃផ្សេងៗទៀត។

២. ពង្រឹងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព៖
* រៀបចំពិនិត្យកែសម្រួលបទដ្ឋានគតិយុត្តមួយចំនួនឱ្យស្របទៅនឹងវិសាលភាពច្បាប់ថ្មី
* បន្តចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាល
* សម្របសម្រួលដោះស្រាយបញ្ហាប្រឈមជាប្រចាំភ្លាមៗ ជាមួយមូលដ្ឋានសុខាភិបាល និយោជក និងកម្មករនិយោជិត
* ផ្សព្វផ្សាយគោលការណ៍អនុវត្តថ្មីៗដល់និយោជក មូលដ្ឋានសុខាភិបាល និងកម្មករនិយោជិតឱ្យបានទូលំទូលាយ និងគ្រប់រូបភាព
* លើកកម្ពស់សេវាបង្ការសុខភាពដល់កម្មករនិយោជិត តាមរយៈការចុះផ្សព្វផ្សាយ អប់រំផ្ទាល់នៅនឹងកន្លែងការងារ និងគ្រប់រូបភាព
* ដាក់ភ្នាក់ងារសម្របសម្រួល និងបរិក្ខារអេឡិចត្រូនិកតាមមូលដ្ឋានសុខាភិបាលដែលមានកម្មករនិយោជិតទៅប្រើប្រាស់សេវាច្រើន។

៣. ជំរុញការដាក់ឱ្យដំណើរការផ្នែកប្រាក់សោធន៖
* ត្រូវដាក់ឱ្យដំណើរការរបបប្រាក់សោធនក្នុងឆ្នាំ២០២០នេះ
* ជំរុញដល់និយោជក ម្ចាស់សហគ្រាស ធ្វើការចុះបញ្ជិកា និងបង់ភាគទាន
* ផ្តល់នូវតាវកាលិកជូនដល់សមាជិកឱ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់
* ធ្វើការផ្សព្វផ្សាយគោលការណ៍អនុវត្តថ្មីៗដល់និយោជក និងកម្មករនិយោជិតឱ្យបានទូលំទូលាយ និងគ្រប់រូបភាព។

៤. ពង្រឹងការអនុវត្តរបបសន្តិសុខសង្គមសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន៖
* ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីដាក់ឱ្យដំណើរការផ្នែកហានីភ័យការងារសម្រាប់មន្ត្រីសាធារណៈឱ្យបានក្នុងឆ្នាំ២០២០
* បន្តសហការជាមួយក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធក្នុងការធ្វើបច្ចុប្បន្នភាពមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនជាប់ជាប្រចាំ
* សម្របសម្រួលដោះស្រាយបញ្ហាប្រឈមជាប្រចាំភ្លាមៗ ជាមួយមូលដ្ឋានសុខាភិបាល
* ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។

៥. ការអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន៖
* និយោជក និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវចុះឈ្មោះនៅបេឡាជាតិសន្តិសុខសង្គម ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមនេះ
* សម្របសម្រួលផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់ស្ត្រីសម្រាលកូនឱ្យបានទាន់ពេលវេលា
* សម្របសម្រួលដោះស្រាយបញ្ហាប្រឈមជាប្រចាំភ្លាមៗ ជាមួយមូលដ្ឋានសុខាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានបន្តទៀតថា មិនថាមន្រ្តីសាធារណៈ ឬកម្មករនិយោជិតនោះឡើយ សុទ្ធតែមានការធានារ៉ាប់រងសន្តិសុខសង្គមដូចៗគ្នា។ សមិទ្ធផលទាំងឡាយដែលកម្ពុជាមានសព្វថ្ងៃនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានចូលរួមសហការរបស់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត៕