គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រៀបចំទិវារត់ប្រណាំងចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ ឬព្រឹត្តិការណ៍ Ultra Trail Angkor ២០១៧ លើកទី២


ទិវារត់ប្រណាំងចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ ឬព្រឹត្តិការណ៍ Ultra Trail Angkor 2017 លើកទី២ ដែលរៀបចំដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅជុំវិញតំបន់អង្គរ ខេត្តសៀមរាប បានបញ្ចប់ជាស្ថាពរហើយ នៅល្ងាចថ្ងៃទី២១ ខែមករានេះ ដោយទទួលបានការចូលរួមប្រកាសបិទពី ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ។
ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ បានចេញដំណើរលើវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ តាំងពីម៉ោង ១០យប់ ថ្ងៃទី២០ ខែមករាមកម្ល៉េះ បន្ទាប់មកទើបវិញ្ញាសា រត់ចម្ងាយ ៦៤គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង១៦គីឡូម៉ែត្រ ចេញដំណើរតាមក្រោយកាលពីព្រឹកមិញ ដោយមានកីឡាករ និងកីឡាការិនីជាតិ និងអន្តរជាតិជិត ៥០០នាក់ មកពី ៣៧ប្រទេសលើពិភពលោក ចូលរួមក្នុងនោះក៏មានកីឡាករម្ចាស់ផ្ទះកម្ពុជាផងដែរ។
ជាលទ្ធផលវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ ផ្នែកបុរសលេខ១ បានទៅកីឡាករ Antoine Guillon ប្រើថិរវេលា១២ម៉ោង ២១នាទី និង៥៦វិនាទី, លេខ២ បានទៅកីឡាករ Tran Quang ប្រើថិរវេលា ១៣ម៉ោង ០២នាទី និង៥៨វិនាទី និងលេខ៣ បានទៅកីឡាករ Christophe Le Saux ប្រើថិរវេលា ១៥ម៉ោង ៣៣នាទី និង១០វិនាទី។ រីឯផ្នែកនារី លេខ១ បានទៅកីឡាការិនី Annie Cramard Joniaux ប្រើថិរវេលា ១៤ម៉ោង ០៩នាទី និង៣៣វិនាទី ។
សម្រាប់វិញ្ញាសា ៦៤គីឡូម៉ែត្រផ្នែកបុរស លេខ១ បានទៅកីឡាករកម្ពុជា Yann Defond ប្រើថិរវេលា ៥ម៉ោង ៥៣នាទី និង៥៣វិនាទី រីឯលេខ១ ផ្នែកនារី បានទៅកីឡាការិនី Elena Komova ប្រើថិរវេលា ៦ម៉ោង ២៣នាទី និង៤៦វិនាទី។ ចំណែកវិញ្ញាសា ៣២គីឡូម៉ែត្រផ្នែកបុរស លេខ១ បានទៅកីឡាករ Ixel vlad ប្រើថិរវេលា ២ម៉ោង ១៩នាទី និង០៩វិនាទី ខណៈលេខ១ ផ្នែកនារីបានទៅកីឡាការិនី Laurie Phai pang ប្រើថិរវេលា ២ម៉ោង ៥៨នាទី និង២២វិនាទី ។ វិញ្ញាសា១៦គីឡូម៉ែត្រផ្នែកបុរស បានទៅកីឡាករ Bart Hoeksma ប្រើថិរវេលា ១ម៉ោង ១៤នាទី និង៤៧វិនាទី និងលេខ១ ផ្នែកនារី បានទៅកីឡាការិន Rebecca Kroeger ប្រើថិរវេលា ១ម៉ោង ៣៩នាទី និង៣៣វិនាទី។
ឯកឧត្តម​ ថោង ខុន បានលើកឡើងថា ឆ្នាំទី២ នៃការរៀបចំព្រឹត្តិការណ៍ Ultra Trail Angkor 2017 គឺពិតជាទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ពិសេសគឺភ្ញៀវជាតិ និងអន្តរជាតិ ដែលមានការកើនឡើងស្ទើរ ៥០% បើធៀបនឹងឆ្នាំ២០១៦។ ឯកឧត្តម​រំពឹងថា ឆ្នាំក្រោយនឹងមានកីឡាករ និងកីឡាការិនីជាតិ និងអន្តរជាតិចូលរួមកើនដល់១០០០នាក់ ដោយសារសក្តានុពលតំបន់ភូមិសាស្ត្រនៃប្រទេសកម្ពុជា ពិសេសតំបន់អង្គរតែម្តង។
ព្រឹត្តិការណ៍នេះបានផ្តល់នូវផលចំណេញជាច្រើន សម្រាប់វិស័យទេសចរណ៍កម្ពុជា ពោលគឺស្របតាមយុទ្ធសាស្ត្រថ្មីរបស់ពិភពលោក គឺទេសចរណ៍ដើរតែម្នាក់ឯង ដែលជាផ្នែកមួយដល់សំខាន់ ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។ លើសពីនេះ ក៏ទទួលថវិកាសប្បុរសធម៌ សម្រាប់ជួយដល់សង្គម តាមរយៈអង្គការក្រៅរាជរដ្ឋាភិបាលផងដែរ៕