ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តម្រូវឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ បង្កើតលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរថ្មីមួយ ស្តីពីការបង្កើតយន្តការគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងក្រសួងស្ថាប័នរបស់រដ្ឋទាំងអស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងសម្របសម្រួលការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្នុងសារាចររបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលបានសង្កេតឃើញថា ក្រសួង ស្ថាប័នមួយចំនួនបានបង្កើតយន្តការគ្រប់គ្រង
គ្រោះមហន្តរាយនៅក្នុងក្រសួង ស្ថាប័នរបស់ខ្លួនរួចហើយ ក៏ប៉ុន្តែនៅមានក្រសួង ស្ថាប័នមួយចំនួនទៀតមិន ទាន់បានបង្កើតយន្តការនេះនៅឡើយទេ។

អនុលោមតាមមាត្រា៨នៃច្បាប់ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងសម្របសម្រួលការងារគ្រប់គ្រងគ្រោះមហន្តរាយ រាជរដ្ឋាភិបាល សូមដាក់ចេញនូវវិធានការដូចខាងក្រោម៖

១៖ គ្រប់ក្រសួង ស្ថាប័នត្រូវបង្កើតឱ្យមានលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ ដែលជាយន្តការគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីបំពេញមុខងារជាសេនាធិការផ្ទាល់ដល់រដ្ឋមន្ត្រី និងប្រធានស្ថាប័នដែលជាអនុប្រធាន ឬជាសមាជិករបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលើ
ការងារដឹកនាំគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងវិស័យជំនាញរបស់ខ្លួន ដោយសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

២៖ គ្រប់ក្រសួង ស្ថាប័នត្រូវចាត់ឱ្យមានមន្ត្រីបង្គោល ដើម្បីសម្របសម្រួល និងធ្វើការប្រាស្រ័យទាក់ទង ជាប្រចាំជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕