ពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅឆ្នាំ២០២០-២០២១


នាព្រឹកថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅឆ្នាំ២០២០-២០២១ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង។

មានវត្តមានអញ្ជើញចូលរួមក្នុងពិធីបេីកសន្និបាតមាន ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំខេត្ត លោក​ លោកស្រីអភិបាលរងក្រុង ស្រុក លោក លោកស្រីជាប្រធាន-​អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្រ្តីមន្ទីរអប់រំយុវជននិងកីឡាខេត្ត និងមន្រ្តីការិយាល័យអប់រំ ក្រុង ស្រុក សរុបចំនួន ២២២ នាក់។

ឯកឧត្តម​ ម៉ុម​ សារឿន​ បានមានប្រសាសន៍ថា​ ការពង្រឹងគុណភាពវិស័យអប់រំ​ គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ​ សម្រាប់អនុវត្តនៅគ្រប់ដំណាកកាល​ គឺការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេសវិទ្យាសាស្រ្ត​ និងបច្ចេកវិទ្យា​ ការតម្រង់ទិសសម្រាប់ទីផ្សារការងារ​ ជាពិសេសគឺការពង្រឹងជំនាញបច្ចេកទេសដល់យុវជន​ សំដៅធានាថា​ យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត​ សម្រាប់លេីកស្ទួយជីវភាពគ្រួសារឲ្យកាន់តែល្អប្រសេីរ​ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ​ ពិសេសគឺការបង្កេីននូវបរិមាណអនិកម្មភាពសង្គម៕