សម្តេចពញាចក្រី ហេង សំរិន អញ្ជើញចុះហត្ថលេខាលើលទ្ធផលកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអូស្រ្តាលី


កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ (APPF) ដែលសភាប្រទេសអូស្រ្តាលីធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីបានដំណើរការកិច្ចប្រជុំអស់រយៈពេល៣ថ្ងៃ មកនោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានប្រតិភូសមាជិក APPF បានអញ្ជើញចុះហត្ថលេខាលើលទ្ធផលកិច្ចប្រជុំរយៈពេល បីថ្ងៃមកនេះ។ កិច្ចប្រជុំAPPF លើកទី២៨ ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់» បានសម្រេចសេចក្តីសម្រេចចំនួន១៧ ក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសភា ដើម្បីរួមចំណែកដោះស្រាយ បញ្ហារួមរបស់ប្រជាពលរដ្ឋនៅក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច សង្គម បរិស្ថាន និងសមភាពយេនឌ័រ ក្នុងការធានាឲ្យមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងតំបន់ និងសកលលោក។

កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៩ របស់ APPF នៅក្នុងឆ្នាំ២០២១ សភាសាធារណរដ្ឋកូរ៉េ នឹងទទួលធ្វើជាម្ចាស់ផ្ទះ។ មុនប្រកាសបិទកិច្ចប្រជុំលោក តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី បានប្រគល់ទង់ APPF ដល់ប្រធានគណៈប្រតិភូសភាសាធារណរដ្ឋកូរ៉េ ជានិមិត្តរូបនៃការបន្តវេនជាអ្នករៀបចំកិច្ចប្រជុំបន្ត។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក។

អង្គការសភាមួយនេះ មានសមាជិក ២៧ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី មិគសិគកូរ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្ការីការ៕