អភិបាលខេត្តកំពង់ធំ បាននាំអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ៨៦គ្រួសារ


(កំពង់ធំ)៖ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ពិការភាព គ្មានទីពឹង និងជនងាយរងគ្រោះចំនួន ៨៦គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកតាំគោគ ខេត្តកំពង់ធំ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។

ពិធីចែកអំណោយកាកបាទក្រហមកម្ពុជានេះ ប្រព្រឹត្តឡើងក្រោមវត្តមាន ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និង ឯកឧត្តម ឈុន ឈន់ អនុប្រធានកិត្តិយសសាខាខេត្តកំពង់ធំ ឯកឧត្តម ហាក់ មុងហួត ប្រធានអនុសាខាកាកបាទក្រហម ស្រុកតាំងគោក ស្ថិតនៅក្នុងបរិវេណវត្តគ្រើល ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោគ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានថ្លែងថា សម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់មកលើបងប្អូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កាកបាទក្រហម គឺជាអង្គការមនុស្សធម៌ ឯករាជ្យ ដែលបានខិតខំកៀរគរអំណោយ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលខ្វះខាត គ្រប់ប្រជាពលរដ្ឋទាំងអស់ ដោយមិនគិតពីនាន្និការនយោបាយនោះទេ និងសូមឱ្យអនុសាខាកាកបាទក្រហម មេត្តាចុះជួយដល់ប្រជាពលរដ្ឋ ដែលខ្វះខាតឱ្យបានទាន់ពេលវេលា តែបើខ្វះលទ្ធភាព គឺត្រូវរាយការណ៍មក សាខាខេត្តដើម្បីចជួយជាបន្ទាន់។

 ឯកឧត្តម សុខ លូ បានបន្តថា ប្រទេសកម្ពុជា ទើបតែទទួលបានសន្តិភាព ២០ឆ្នាំ មិនអាចប្រៀបបាន និងប្រទេសអាមេរិកបាននោះទេ ដែលគេសន្តិភាព ជាង២០០ឆ្នាំហើយ ចំណែកប្រទេសកម្ពុជា កំពុងតែខិតខំកាត់បន្ថយភាពក្រីក្រឱ្យនៅតិចបំផុត ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅឆ្នាំ២០៣០ ប្រទេសកម្ពុជានឹងមានចំណូលបធ្យកម្រិតខ្ពស់ ដល់ឆ្នាំ២០៥០ ប្រទេសកម្ពុជា និងមានចំណូលកម្រិតខ្ពស់ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែង។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទៅរស់នៅ ដោយយកចិត្តទុកដាក់ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រកបទៅដោយអនាម័យ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍។

ប្រជាពលរដ្ឋចាស់ជរា គ្មានទីពឹង ស្រ្តីមេម៉ាយ ជនពិការ ជនងាយរងគ្រោះ បានទទួលអំណោយមនុស្សធម៌ ក្នុងមួយគ្រួសារទទួលបាន អង្ករ១បេ មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១ អាវយឺត៣៕